ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសមានប្រភពដើមមកពីឥណ្ឌាគឺជាត្រកូលអភិជន

ចែករំលែក៖

ប្តីប្រពន្ធនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស លោក Rishi Sunak និងលោកស្រី Akshata Murty គឺជាអ្នកទទួលមរតករបស់គ្រួសារ គឺការគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅក្នុងប្រទេសឥណ្ឌា។
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អង់គ្លេសលោក Rishi Sunak ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតរបស់បក្សក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ លោក Rishi Sunak ធ្លាប់បានប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសពីរលើកមកហើយ តែមិនទទួលបានជោគជ័យក្នុងការប្រជែងជាមួយលោក បូរីស ចនសុន និងលោកស្រី Liz Truss។
ការណ៍ដែលលោក Rishi Sunak ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ពីទ្រព្យសម្បត្តិមហាសាលរបស់លោកនិងគ្រួសារ។ តាមសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ត៍បានផ្សាយថា លោក Rishi Sunak ស្ថិតនៅក្នុងក្រុមមហាសេដ្ឋីក្នុងប្រទេសអង់គ្លេស ។ លោកនិងភរិយាគឺជាអ្នកត្រូវទទួលមរតកពីក្រុមហ៊ុនបច្ចេកវិទ្យា Infosys ដែលមានទ្រព្យសម្បត្តិដល់ទៅ ៨២៧លានដុល្លារ ។ ជាមួយគ្នានេះ លោក Rishi Sunak បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសដំបូងគេមានដើមកំណើតអាស៊ី។
លោក Rishi Sunak កើតនៅឆ្នាំ១៩៨០ ក្នុងទីក្រុង Southampton ចក្រភពអង់គ្លេស។ លោកជាកូនប្រុសច្បងក្នុងចំណោមកូន៣នាក់មកពីគ្រួសារអន្តោប្រវេសន៍ មានដើមកំណើតជាជនជាតិឥណ្ឌា។ លោកមានឪពុកជាវេជ្ជបណ្ឌិត និងមានម្ដាយជាឱសថការី។ លោក ស៊ូណាក់ បានចូលរៀននៅសាលា Winchester College និងបានបញ្ចប់ការសិក្សាថ្នាក់ទស្សនវិជ្ជា នយោបាយ និងសេដ្ឋកិច្ច នៅឯសាកលវិទ្យាល័យ Oxford University ហើយក្រោយមកទៀត ទើបលោកទទួលបានសញ្ញាប័ត្រ MBA នៅឯសាកលវិទ្យាល័យ Stanford University ជាទីដែលលោកបានជួបភរិយារបស់លោកសព្វថ្ងៃគឺលោកស្រី Akshata Murthy ជាកូនស្រីមហាសេដ្ឋីឥណ្ឌាម្នាក់។
មុននឹងប្រឡូកចូលឆាកនយោបាយ លោក ស៊ូណាក់ ធ្លាប់បានធ្វើការជាច្រើនខាងធនាគារ និងហិរញ្ញវត្ថុ។ លោកក៏ធ្លាប់ជាអ្នកវិភាគមួយរូបនៅឯធនាគារ Goldman Sachs ផងដែរ។ ក្នុងឆ្នាំ២០១៤ លោក ស៊ូណាក់ បានជាប់ឆ្នោតជាបេក្ខជននៃគណបក្សអភិរក្សនិយមប្រចាំតំបន់ Yorkshire និងនៅឆ្នាំ២០១៥ លោកបានជាប់ឆ្នោតជាសមាជិក
សភាអង់គ្លេស។

លោក Rishi Sunak ត្រូវបានតែងតាំងជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្រោមរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រី លោក បូរីស ចនសុន ហើយលោកបានកាន់តំណែងនេះពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។

លោក ស៊ូណាក់ ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងយកតំណែងជានាយករដ្ឋមន្ត្រីជំនួសលោក ចនសុន ដែរ តែលោកបានបរាជ័យក្រោមថ្វីដៃលោកស្រី លីស ត្រាស់ដែលបានលាលែងពីតំណែងកាលពីសប្ដាហ៍មុន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ vtc.vn

រូប​ថត​ ៖ Zingnews.vn


ចែករំលែក៖