ខេត្តកំពង់ចាម ៖ តាមបទបញ្ជារបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បានចាត់ឲ្យលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការរងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបានបាក់កាលពីវេលាប្រមាណម៉ោង ១ និង ៣០ នាទី ឈានចូលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ប្រវែងប្រមាណ ៦០ ម៉ែត្រ ។ នៅពេលនេះក្រុមការងារបានត្រៀមសម្ភារៈ និងលក្ខណៈបច្ចេកទេសរួចរាល់ហើយ រង់ចាំតែការដឹកជញ្ជូនខ្សាច់មកដល់នឹងចាប់ផ្តើមអនុវត្តន៍ភ្លាម ។
សូមបញ្ជាក់ថា, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយម តែងតែចុះពិនិត្យដោយផ្ទាល់ ជុំវិញការជំនាញ ការជួសជុល ប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្ត្រ សំណង់ទ្វារទឹក ប្រឡាយ លូ ការប៉ះពាល់ពី ជំនន់ទឹកភ្លៀងនេះជាដើម ដោយគ្មានគិតថ្ងៃអាទិត្យ សៅរ៍ ឬថ្ងៃឈប់សម្រាកឡើយ ៕
ដោយ : សិលា