ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តឡង់គ្រីស័របុករបងថ្មផ្ទះអ្នកភូមិផ្អើលទាំងថ្ងៃត្រង់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឡង់គ្រីស័រ សង្ស័យប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបងថ្មផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃត្រង់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង១០នាទីថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ស្ថិតក្នុងភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា។

     យោងតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BD-០០០៣ ដោយធ្វើដំណើរពីកើតទៅលិចប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតមកខាងស្ដាំដៃបុករបងថ្មផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

     ក្រោយកើតហេតុគេឃើញបុរសជនជាតិចិននោះបើកទ្វារចេញពីក្នុងរថយន្តទាំងអាការទ្រេតទ្រោត ប៉ុន្តែមិនមានគ្រោះថ្នាក់អីនោះទេ ខណៈដែលរថយន្តខូចខាតខ្ទេចទាំងស្រុង។

     បន្ទាប់មកសមត្ថកិច្ចចរាចរណ៍ស្រុកបានមកដល់និងបានឃាត់ខ្លួនជនជាតិចិនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាដើម្បីរង់ចាំដោះស្រាយសំណងជាមួយម្ចាស់ផ្ទះតាមផ្លូវច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖