ភ្នំពេញ ៖ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្តីពី ពិធីប្រកាសបើកជាផ្លូវការអំពីការចាប់ផ្ដើមដំណើរការចរចា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម មានការរៀបចំពិធីប្រកាស បើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាពរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាត អារ៉ាប់រួម និងមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃភាគីទាំងពីរ សរុបប្រមាណ ១០០រូប។
ក្នុងពិធីនេះ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី តាមរយៈការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញទំនិញ និងសេវាកម្ម ព្រមទាំងការបង្កើតកាលានុវត្តភាពសម្រាប់ ការវិនិយោគ និងពង្រឹងកិច្ចសហការសម្រាប់វិស័យអាទិភាព។
ថ្លែងក្នុងសុន្ទរកថាបើក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលរួមចំណែក ប្រមាណ ៦០% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាជាមួយតំបន់នេះ ហើយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE | Comprehensive Economic Partnership Agreement-CEPA) នឹងបន្តគាំទ្រដល់ភាពរីកចម្រើននៃទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរ ដែល ក្នុងរយៈពេល ០៨ខែ នៃឆ្នាំ២០២២នេះ សម្រេចបានទឹកប្រាក់សរុបប្រមាណ ២៧៩ លានដុល្លារអាមេរិក ជាមួយ នឹងកំណើន ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ “Cambodia-UAECEPA” ក្នុងការផ្ដល់លទ្ធភាពឱ្យកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម អាចបំពេញបន្ថែមនូវសក្តានុពលសេដ្ឋកិច្ចរវាងគ្នា ដែលនឹង ក្លាយជាកម្លាំងចលករជំរុញកំណើនរួមតាមរយៈការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ ការសម្រួលដល់លំហូរពាណិជ្ជកម្ម និង ការជំរុញការវិនិយោគទ្វេភាគី ជាដើម។ លោករដ្ឋមន្ត្រីបានបន្តថា “Cambodia-UAE CEPA” មានលក្ខណៈ ពិសេសសម្រាប់ប្រទេសទាំងពីរ ដោយសារកិច្ចព្រមព្រៀងនេះនឹងបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណី រវាងប្រទេសទាំងពីរ និងលើកកម្ពស់ទំនាក់ទំនងដែលកំពុងរីកចម្រើនរវាងពិភពអារ៉ាប់ និងអាស៊ាន។ តំបន់ទាំងពីរ នាពេលបច្ចុប្បន្ននេះ ស្ថិតក្នុងចំណោមតំបន់ដែលមានថាមវន្តសេដ្ឋកិច្ចខ្លាំងនៅលើពិភពលោក ដូចនេះមាន កាលានុវត្តភាពជាច្រើនដែលភាគីទាំងពីរអាចច្បាមយកសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ច។ អេមីរ៉ាតអារ៉ាប់រួមអាច ជាមូលដ្ឋានរបស់កម្ពុជាសម្រាប់ការផ្គត់ផ្គង់ទៅទីផ្សារអារ៉ាប់ ហើយដូចគ្នាដែរ កម្ពុជាអាចជាមូលដ្ឋានរបស់អេមីរ៉ាត អារ៉ាប់រួម សម្រាប់តំបន់អាស៊ានទាំងមូល។
លោកបណ្ឌិត អាល់ ហ្សេយូឌី ក៏បានលើកឡើងដែរថា ការចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែក ដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អេមីរ៉ាតអារ៉ាប់រួម ក្នុងការកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងរឹងមាំជាមួយដៃគូ ពាណិជ្ជកម្មជុំវិញពិភពលោក។ អេមីរ៉ាតអារ៉ាប់រួម បាននឹងកំពុងតាក់តែងទស្សនវិស័យសេដ្ឋកិច្ចសម្រាប់រយៈ ពេលវែង និងកសាងនូវមូលដ្ឋានគ្រឹះដើម្បីសម្រេចបាននូវកំណើន កាលានុវត្តភាព និងភាពជោគជ័យបន្ថែមទៀត។ របៀបវារៈនៃកិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ គឺពិតជាមានសារៈសំខាន់សម្រាប់គោលបំណងទាំង នេះ ហើយយើងសូមស្វាគមន៍នូវកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដែលមានឆន្ទៈក្នុងការពន្លឿនចរាចរណ៍នៃ ទំនិញ ធានាខ្សែសង្វាក់ផ្គត់ផ្គង់ និងស្វែងរកឱកាសក្នុងការបណ្តាក់ទុនរួមគ្នា សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
លោកបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា “កម្ពុជា គឺជាប្រទេសដែលមានវិបុលភាពសេដ្ឋកិច្ចនៅក្នុងបេះដូងនៃ អាស៊ី ជាមួយនឹងវិស័យកម្មន្តសាល និងកសិកម្មដ៏រឹងមាំ ព្រមទាំងមានកំណត់ត្រាដ៏គួរឱ្យកត់សម្គាល់នៅក្នុងវិស័យ ថាមពលកកើតឡើងវិញ។ ជាការពិតណាស់ ប្រជាជាតិរបស់អេមីរ៉ាតអារ៉ាប់រួម មានគោលដៅរួមគ្នាក្នុងការផ្តល់នូវ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ហើយយើងជឿជាក់ថាយើងនឹងអាចធ្វើការរួមគ្នា ដើម្បីពង្រឹងការនាំចេញ ការអភិវឌ្ឍវិស័យទេសចរណ៍ និងភ័ស្តុភារកម្ម។ កិច្ចពិភាក្សានៅថ្ងៃនេះ និងនៅពេលបន្ទាប់ទៀត នឹងកសាងនូវយន្ត ការដែលផ្តល់នូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ឆ្នាំខាងមុខ”។
ការចរចា Cambodia-UAE CEPA គឺជាការទទួលស្គាល់នូវសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់ រហ័សរបស់កម្ពុជាដែលរក្សាបាននូវអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧,៧%ចន្លោះឆ្នាំ១៩៩៨-២០១៩ ហើយនៅឆ្នាំ២០២២នេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងប្រមាណ ៥,១% (ផ្អែកតាម IMF) ដែលញ៉ាំងឱ្យកម្ពុជាបន្តស្ថិតក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង។
ដំណើរការចរចាជុំទី១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ ដែលភាគីកម្ពុជានឹងត្រូវ ដឹកនាំដោយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាតអារ៉ាប់រួមនឹងត្រូវដឹកនាំ ដោយ លោក ជូម៉ា ម៉ូហាមេដ អាល់ កាត (Juma Mohammed Al Kait) អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម អន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម ព្រមជាមួយមន្ដ្រីជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេស ទាំងពីរ៕
ដោយ : សិលា