ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា បានផ្តល់សុនខហិតគ្រឿងផ្ទុះចំនួន៤ក្បាលនិងសម្ភារមួយចំនួនដល់NPMEC

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅអាកាសដ្ឋានអន្តរជាតិភ្នំពេញ លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះទៅទទួលយកសុនខហិតគ្រឿងផ្ទុះ និងសម្ភារមួយចំនួនបម្រើឱ្យការងារនេះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា ផ្តល់ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

 ថ្មីៗកន្លងទៅនេះរដ្ឋាភិបាលឥណ្ឌា បានបណ្តុះបណ្តាលដល់ទាហានមួកខៀវកម្ពុជាចំនួន៤នាក់ លើជំនាញបញ្ជាសុនខហិតគ្រឿងផ្ទុះនៅប្រទេសឥណ្ឌា បានទទួលលទ្ធផលជោគជ័យ លើជំនាញនេះ។

លោកស្រី បានឱ្យដឹងទៀតថា នេះជាលើកទី២ ដែលរដ្ឋាភិបាលឥណ្ឌាបានផ្តល់សុនខហិតគ្រឿងផ្ទុះដល់មជ្ឈមណ្ឌលជាតិ ដោយលើកទៅ១ ក្នុងឆ្នាំ២០១៦ មានសុនខចំនួន១៥ក្បាល ដែលគិតជាថវិកា​ ជាង១៥ម៉ឺនដុល្លាអាមេរិកផងដែរ។ លោកស្រី កុសល ម៉ាលីនដា មានប្រសាសន៍ថា សុនខ ទាំងអស់នេះ គឺបម្រើឱ្យការងារបេសកកម្មក្នុងស្រុក និងការងារបេសកកម្មក្រៅប្រទេសក្រោយឆ័ត្រអង្គការសហប្រជាជាតិ។ នៅថ្ងៃនេះសុនខទាំង៤ក្បាលបានមកដល់កម្ពុជានៅថ្ងៃទី២៥ ខែតុលា ត្រូវបានបញ្ជូនទៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕

ដោយ៖ ស សម


ចែករំលែក៖