ភ្នំពេញ ៖ នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានី រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានី លោក លោកស្រី សមាជិក សមាជិកា គណ:កម្មការទី២ និងទី៥នៃរដ្ឋសភា បានអនុញ្ញាតឱ្យគណៈប្រតិភូសភារូម៉ានី ដឹកនាំដោយ លោក Nicu Nita លេខាធិការគណៈកម្មការកសិកម្ម រុក្ខាប្រមាញ់ ឧស្សាហកម្មម្ហូបអាហារ និងសេវាកម្មជាក់លាក់ និងជាប្រធានក្រុមមិត្តភាពនៃសភារូម៉ានី-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម លោក ឈាង វុន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូក្រុមមិត្តភាពសភារូម៉ានី-កម្ពុជា ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។
លោក ឈាង វុន បានកោតសរសើរ និងវាយតំលៃខ្ពស់ទៅលើដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភារូម៉ានី ដែលមានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-រ៉ូម៉ានី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ។
លោក ឈាង វុន បានគូសបញ្ជាក់បន្ថែមថា សភាកម្ពុជា-រូម៉ានីតែងតែគាំទ្រសហការគ្នាទាំងក្នុងកម្រិតទ្វេរភាគី និងពហុភាគី លើវេទិកាអន្តរជាតិ ដូចជា សហភាពអន្តរសភា (IPU) ក្របខណ្ឌសភានិយាយភាសាបារាំង(APF) និងភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប(ASEP) ជាដើម។
លោក ឈាង វុន បានជម្រុញឱ្យ ឯកឧត្តម Nicu Nita ជួយផ្សព្វផ្សាយពីទេសភាពដ៏ស្រស់ត្រកាលនៃទឹកដីកម្ពុជា និងប្រាសាទបុរាណដ៏អស្ចារ្យជាច្រើននៅទឹកដីអង្គរ ខេត្តសៀមរាបដើម្បីឱ្យប្រជាជនរ៉ូម៉ានីមកធ្វើទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
លោក ជឿជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ សភាទាំងពីរនឹងផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នាបន្ថែមទៀត ព្រមជាមួយទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ទន្ទឹមនឹងនោះដែរក្រោមការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាន់ពេលវេលា ទើបប្រទេសកម្ពុជាបានធូរស្រាលពីការឆ្លងកូវីដ-១៩ និងសង្គ្រោះអាយុជីវិតទាន់ពេលវេលា។
ជាការឆ្លើយតប លោក Nicu Nita បានថ្លែងអំណរគុណជូនចំពោះរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលកម្ពុជា បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមមិត្តភាពសភារ៉ូម៉ានី-កម្ពុជា ដែលបានមកបំពេញទស្សនកិច្ចផ្លូវការមិត្តភាពនាពេលនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោក បានសង្កេតឃើញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។
លោក សង្ឃឹមថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរនិងផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិសំដៅផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឡើង។
នាឱកាសនោះដែរ លោក ឈាង វុន បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានីផងដែរ៕
ដោយ : សិលា