ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិក៏ដូចជាសមត្ថកិច្ចខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅវាលស្រែនៅចំណុចផ្សាររុងរឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី២៥ខែតុលាឆ្នាំ២០២២ត្រង់ចំណុចវាលស្រែ  បរិវេណផ្សាររុងរឿង ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា។

បើតាមសមត្ថកិច្ចនគរបាលបានឱ្យបុរសខាងលើមានឈ្មោះត្រឹង តឹងយួ អាយុ ២៨ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិ ទុងប៊ិន ឃុំថយ៊ាង ស្រុកថយសឿង ខេត្ត អាន់យ៉ាង ប្រទេសវៀតណាម។

ប្រភពបន្តថាសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោង បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់នៅក្នុងបរិវេណផ្សាររុងរឿង ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេរភាគីសំរោង បានចុះទៅដល់ទីតាំងកើតហេតុ ដោយឃើញបុរសខាងលើដេកស្លាប់នៅត្រង់ចំណុចវាលស្រែ មានស្រូវ ។

ពាក់ពន្ធ័ករណីខាងលើនេះ លោកជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រាបានឱ្យដឹងថាពិតជាមានមនុស្សស្លាប់ប្រាកដមែនដោយសារតែជនរងគ្រោះដើរមិនប្រយ័ត្នក៏ឆក់ខ្សែ លួសដែលម្ចាស់ស្រែដាក់ដើម្បីឆក់កណ្ដុរនៅវាលស្រែដែរមានស្រូវនិងទឹកទើបបណ្ដាលឱ្យគ្រោះថ្នាក់បែបនេះ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សុថាន


ចែករំលែក៖