ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្រមានពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើរុស្ស៊ីប្រើគ្រាប់បែកកខ្វក់នៅអ៊ុយក្រែន

ចែករំលែក៖

រដ្ឋាភិបាលអាមេរិកនៅថ្ងៃ ទី២៥ខែតុលា បានព្រមានរុស្ស៊ីថា ការប្រើគ្រាប់បែកកខ្វក់ឬអាវុធនុយក្លេអ៊ែរប្រភេទផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែននឹងមានផលវិបាក និងជា “កំហុសធ្ងន់ធ្ងរ”។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានមន្ត្រីរុស្ស៊ីថា ប្រសិនបើពួកគេប្រើគ្រាប់បែកកខ្វក់ (ឬគ្រាប់បែកវិទ្យុសកម្ម) ក្នុងក្របខ័ណ្ឌនៃជម្លោះយោធានៅអ៊ុយក្រែននោះមានន័យថា រុស្ស៊ីមានកំហុសធ្ងន់ធ្ងរ។
ក្នុងពេលនេះដែរ មន្រ្តីទូតរុស្ស៊ី បានលើកយកករណីដែលខ្លួនចោទប្រកាន់ថា អ៊ុយក្រែនកំពុងរៀបចំប្រើប្រាស់«គ្រាប់បែកវិទ្យុសកម្ម» មកបង្ហាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលការអះអាងនេះត្រូវបានច្រានចោលដោយមន្ត្រីលោកខាងលិច និងអ៊ុយក្រែនថាជាព័ត៌មានមិនពិតនិងជាលេសសម្រាប់បង្កើនការធ្វើសង្គ្រាម។
លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំនៅ UN បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «យើងពេញចិត្តក្នុងការលើកឡើងពីអ្វីដែលយើងបានដឹង។ ខ្ញុំមិនខ្វល់នឹងមនុស្សដែលនិយាយថារុស្ស៊ីកំពុងសម្តែងនោះទេ ដោយថាវានឹងមិនកើតឡើងនោះទេ តែនេះគឺជាគ្រោះមហន្តរាយដ៏គួរឲ្យភ័យខ្លាចដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផែនដីទាំងមូល។ ភស្តុតាងគឺមាននៅក្នុងព័ត៌មានចារកម្មដែលត្រូវបានចែករំលែក ជាមួយសមភាគីលោកខាងលិច ជាមួយនឹងភាពចាំបាច់នៃការកម្ចាត់សកម្មភាពទាំងអស់នេះ»។
ចំណែកឯបារាំង អង់គ្លេស និងសហរដ្ឋអាមេរិកបានអះអាងថា ការចោទប្រកាន់នេះ គឺពិតជាគ្មានតម្លាភាព ហើយទីក្រុងវ៉ាស៊ីនតោនបានព្រមានរុស្ស៊ីអំពី «ផលវិបាកធ្ងន់ធ្ងរ» សម្រាប់ការប្រើប្រាស់នុយក្លេអ៊ែរណាមួយ។
រុស្ស៉ីបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកៀវថាបានបញ្ជាឱ្យអង្គភាពចំនួន២ផលិតគ្រាប់បែកវិទ្យុសកម្ម ដោយមិនបានផ្តល់ភស្តុតាងណាមួយឡើយ ហើយនៅថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងមូស្គូបានដាក់លិខិតមួយដើម្បីស្នើសុំរៀបរាប់លម្អិតអំពីការចោទប្រកាន់នេះ ទៅកាន់អង្គការសហប្រជាជាតិ និងបានលើកឡើងបញ្ហានេះនៅក្នុងកិច្ចប្រជុំបិទទ្វារជាមួយក្រុមប្រឹក្សាសន្តិសុខ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ DPA

រូប​ថត​ ៖ Guardian


ចែករំលែក៖