តុលាការប្រទេសរុស្ស៊ីបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់តារាបាល់បោះសញ្ជាតិអាមេរិក កីឡាការិនី Brittney Griner ប្រឆាំងនឹងការជាប់ពន្ធនាគាររយៈពេល៩ឆ្នាំរបស់នាងពីបទចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀន។ តុលាការនៅជិតទីក្រុងមូស្គូបានតម្កល់ការកាត់ទោសនេះដោយរដ្ឋអាជ្ញាដោយបានសម្រេចថា មានភាពត្រឹមត្រូវ និងយុត្តិធម៌។
ម្ចាស់ជ័យលាភីអូឡាំពិក២សម័យ Brittney Griner បានសុំទោសចំពោះ “កំហុសដ៏ស្មោះត្រង់” របស់នាងនៅក្នុងសវនាការឧទ្ធរណ៍របស់នាងតាមរយៈវីដេអូមួយដោយនិយាយថា វាតានតឹងខ្លាំងណាស់។
Griner វ័យ៣២ឆ្នាំត្រូវបានកាត់ទោសកាលពីខែសីហាពីបទរត់ពន្ធ និងកាន់កាប់ប្រេងកញ្ឆាដោយខុសច្បាប់។ មេធាវីរបស់កីឡាការិនីរូបនេះគឺលោក Alexander Boykov បានប្រាប់តុលាការថា “គ្មានចៅក្រមណាហ៊ាននិយាយដោយស្មោះត្រង់ថា ការកាត់ទោស៩ឆ្នាំរបស់ Griner គឺស្របតាមច្បាប់ព្រហ្មទណ្ឌរបស់រុស្ស៊ីនោះទេ ខណៈដែលសេតវិមានបានហៅដំណើរការផ្លូវច្បាប់ថាជាការបោកប្រាស់”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា Griner កំពុងត្រូវបានឃុំខ្លួនដោយខុសឆ្គង ក្រោមកាលៈទេសៈដែលមិនអាចអត់ឱនបាន ហើយបញ្ជាក់ថា ប្រធានាធិបតីលោក Joe Biden បានអំពាវនាវឱ្យមានការដោះលែងកីឡាការិនីខាងលើជាបន្ទាន់។
អ្នកការទូតអាមេរិកកំពូលម្នាក់ដែលបានចូលរួមសវនាការបានហៅការកាត់ទោសនេះថា “ហួសហេតុ និងមិនសមាមាត្រ”។ កីឡាការិនី Brittney Griner បាននិយាយទៅកាន់តុលាការឧទ្ធរណ៍ដែលមានចៅក្រម៣នាក់ពីមណ្ឌលឃុំឃាំងរបស់នាងនៅក្នុងទីក្រុងមួយនៅជិតទីក្រុងមូស្គូថា “ខ្ញុំពិតជាសង្ឃឹមថាតុលាការនឹងកែសម្រួលការកាត់ទោសនេះព្រោះវាមានភាពតានតឹងខ្លាំងនិងមានការប៉ះទង្គិចខ្លាំងណាស់។ អ្នកដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាងនេះបានទទួលតិចជាងអ្វីដែលខ្ញុំត្រូវបានផ្តល់ឲ្យ” ។
ករណីរបស់ខាងលើនេះបានក្លាយជាកម្មវត្ថុនៃទំនាក់ទំនងការទូតខ្ពស់រវាងអាមេរិក និងរុស្ស៊ី ដែលទំនាក់ទំនងរបស់ប្រទេសទាំង២បានធ្លាក់ចុះបន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ កាលពីខែសីហា វិមានក្រឹមឡាំងបានបង្ហាញពីលទ្ធភាពនៃការផ្លាស់ប្តូរអ្នកទោសរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដែលពាក់ព័ន្ធនឹងអ្នកលេងបាល់បោះ។
របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានណែនាំថា មេឈ្មួញអាវុធរុស្ស៊ី Viktor Bout ដែលកំពុងជាប់ពន្ធនាគារ ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញអាចត្រូវបានផ្ទេរដោយទីក្រុងវ៉ាស៊ីនតោនទៅឱ្យអាជ្ញាធររុស្ស៊ីជាផ្នែកនៃកិច្ចព្រមព្រៀងខាងលើ។
គួររំលឹកថា កីឡាការិនី Griner គឺជាឡាការិនីកំពូលម្នាក់របស់ពិភពលោក ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅអាកាសយានដ្ឋានក្បែរទីក្រុងមូស្គូ នៅពេលដែលរកឃើញនូវថង់ទឹករំអិលដែលមានផ្ទុកប្រេងកញ្ឆានៅក្នុងវ៉ាលីរបស់នាង។ នាងបានមកប្រទេសរុស្សីដើម្បីលេងបាល់បោះក្នុងក្លិបក្នុងអំឡុងពេលបិទរដូវកាលនៅសហរដ្ឋអាមេរិក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)