ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការទូតកម្ពុជា ចេញទៅឥណ្ឌូនេស៉ី ដើម្បីដឹកនាំកិច្ចប្រជុំពិសេស របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញចេញ ដំណើរទៅរដ្ឋធានីហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៉ី ដើម្បីដឹកនាំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះមានការវាយប្រហារតាម ផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ាទៅលើព្រឹត្តិការណ៍ ប្រគំតន្រ្តី ដែលធ្វើឡើងដោយ ក្រុមឧទ្ទាមជនជាតិ ភាគតិចដ៏ធំមួយ ដែលបានសម្លាប់មនុស្សប្រហែល ៥០នាក់ និងរបួស ៧០នាក់។ យោធាមីយ៉ាន់ម៉ា បានចេញមុខការពារការវាយប្រហារតាមអាកាសរបស់ខ្លួន លើការប្រគំតន្ត្រីនេះ ដោយចាត់ទុកថាជាការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះការវាយប្រហារនៅក្នុងតំបន់ ក្រោយពីក្រុមប្រឆាំងចោទប្រកាន់របបយោធាថាបានកំណត់គោលដៅលើជនស៉ីវិល និងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

ក្រុមឧទ្ទាម KIA តែងតែប៉ះទង្គិចជាជាមួយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា អស់ជាច្រើនទស្សវត្សមកហើយ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០២១។

កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍មួយ ជំរុញយ៉ាងខ្លាំងឲ្យមីយ៉ាន់ម៉ាមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។ តាមរយៈសេចក្តីថ្លែង ការណ៍ ប្រធានអាស៊ាន បានបញ្ជាក់ថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៉ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយ ប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។

«យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើង និងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។ នេះបើតាមសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន។

ប្រធានអាស៊ានបានកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លា ក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹង ប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច នេះ។

«ហេតុនេះ យើងជំរុញយ៉ាងខ្លាំងឲ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា»។ នេះបើតាមសេចក្តីថ្លែងការណ៍។

អាស៊ានក៏បានអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើ មូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងស្ថាបនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួប បង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

ដោយ៖ សូរិយា


ចែករំលែក៖