ភ្នំពេញ ៖ គណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំង ព្រមទាំងប្រជាពលរដ្ឋទូរទាំងខណ្ឌសែនសុខ សូមថ្កោលទោសយ៉ាងដាច់ខាត និងប្រឆាំងដាច់ខាតចំពោះ ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ។
លិខិតថ្កោលទោស
ក្នុងនាមគណៈអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត និងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់ព្រះចេស្តា ព្រះករុណាព្រះបាទសម្តេចព្រះបរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ ថា “ក្បត់ជាតិ” និង “គ្មានមនសិការស្នេហាជាតិ»។
ការប្រើប្រាស់សម្ដីអសុរសមកលើអង្គព្រះមហាក្សត្រ ដែលជាស្ថាប័នកំពូលរបស់ជាតិ ពីសំណាក់ទណ្ឌិត សម រង្ស៊ី បានបង្ហាញឱ្យឃើញអំពីសារជាតិ ជាជនក្បត់ជាតិ ៣ជំនាន់ ដែលហ៊ានពោលពាក្យប្រមាថយ៉ាងគឃ្លីន ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលកំពុងគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន និងកំពុងបំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមជាទីបំផុត ក្នុងឋានៈទ្រង់ ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា និងជានិមិត្តរូប នៃឯកភាពជាតិ និងបូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ហើយ ក៏ជាការបំពានយ៉ាងធ្ងន់ធ្ងរលើ មាត្រា៧ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេសដែលនេះ គឺជាសារជាតិដ៏ពិសពុល ប្រកបដោយភាពទុច្ចរិតរបស់ជនក្បត់ជាតិ ៣ ជំនាន់ ដែលមិនអាចលើកលែងបានឡើយ។
យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការច្បាប់ចំពោះការ ប្រព្រឹត្តល្មើសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថលើអង្គព្រះមហាក្សត្រ ឱ្យបានម៉ឹងម៉ាត់ និងធ្ងន់ធ្ងរជាទីបំផុត ព្រោះ ទង្វើនេះពិតជាមិនអាចអត់ឱន និងទទួលយកបានឡើយ ពីសំណាក់យើងខ្ញុំទាំងអស់គ្នា និងប្រជារាស្ត្រខ្មែរគ្រប់មជ្ឈដ្ឋាន។ ជាថ្មីម្តងទៀត! យើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ ៣ ជំនាន់សម រង្ស៊ី និងគូកន និងសូមយកឱកាសនេះប្តេជ្ញាបន្តគោរពដង្ហែតាម ព្រះករុណាព្រះបាទសម្តេចព្រះបរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរ ៕
ដោយ : សិលា