ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណាមករំលោភបំពានបានឡើយ”

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណាមករំលោភបំពានបានឡើយ” ។ នេះជាការលើកឡើង របស់លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ។ 

លោក គីម រិទ្ធី បានបន្តថា, ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថាព្រះអង្គ “មិនមានមនសិការជាតិ និងក្បត់ជាតិ”

លោកសូមអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ឲ្យបានម៉ឺងម៉ាត់បំផុត ទៅលើទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ព្រមទាំងបក្ខពួកខ្លួន ដោយមិនអាចអត់អោនឲ្យបានជាដាច់ខាត។

ដោយឡែក លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា, «ទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ជាបន្តបន្ទាប់ បង្ហាញពីសីលធម៌បែបអនាថា ភាពអន់ និងអវិជ្ជារបស់ទណ្ឌិតសម រង្សី»

លោកបន្តថា, ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ  ខ្ញុំពិតជាមិនអាចទទួលយកបាននូវពាក្យសម្តីអគតិ ប្រមាថដ៏ធ្ងន់ធ្ងរបំផុត របស់ទណ្ឌិត សម រង្ស៊ី ដែលលើកឡើងក្នុងវីដេអូខ្លីដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនះ ចំពោះព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសម្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រ ដែលព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិ ថាគ្មានមនសិការជាតិ និងក្បត់ជាតិ។ 

លោក ហ៊ុនម៉ានី លើកឡើងថា, ការប្រើប្រាស់ពាក្យសម្តី និងទង្វើស្មោកគ្រោកជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជាជាបន្តបន្ទាប់ បានសបញ្ជាក់ពីចរិតដ៏គឃ្លើន និងអាកប្បកិរិយាក្បត់ជាតិ របស់ទណ្ឌិតម្នាក់នេះ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត។ ទង្វើនេះ មិនត្រឹមតែជាការបង្ហាញពីសីលធម៌បែបអនាថា នៃការដឹកនាំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកដៃឲ្យបរទេសផ្តើមមាក់ងាយមកលើកិត្តិយសជាតិរបស់យើង។ 

លោកថ្លែងបន្តថា, សូមលោកបញ្ឈប់នូវវិធីសាស្រ្តបែបកខ្វក់  និងគ្មានការទទួលខុសត្រូវ ជាពិសេសការជាន់ឈ្លីរាជបល្ល័ង្គរបស់កម្ពុជា ក៏ដូចជាការអុចអាល ញុះញង់សព្វបែបយ៉ាងដែលរំខានដល់ប្រជាពលរដ្ឋដែលកំពុងរួមរស់យ៉ាងសុខសាន្ត ក្នុងសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាបន្ទាន់ ព្រោះថាការធ្វើនយោបាយរបៀបលោកនេះហើយដែលធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់មុខមាត់  និងផលប្រយោជន៍ ដែលលោកផ្ទាល់មិនដែលចេះទទួលខុសត្រូវឡើយ៕

ដោយ : សុខ ខេមរា


ចែករំលែក៖