ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

នាទិវាដ៏មហានក្ខត្តឬក្សឧត្ដុង្គឧត្តម ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយ នូវមនោសញ្ចេតនារំភើបរីករាយ យ៉ាងក្រៃលែង ក្នុងឱកាសគម្រប់ខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នេះ។

ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះសព្ទសាធុការពរជ័យ ដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គក្នុងព្រះបរមសិរីរាជសម្បត្តិដ៏ពិសិដ្ឋ បានយក ព្រះទ័យទុកដាក់បំពេញនូវព្រះរាជបេសកកម្មជាច្រើន ធ្វើឱ្យប្រជារាស្ត្រគ្រប់និគម រស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃ សន្តិភាព” ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសព្រះរាជសកម្មភាពក្នុងវិស័យការទូត រួមចំណែកជាមួយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងនាំយកនាវាកម្ពុជា ឱ្យទទួលបាននូវកិត្យានុភាពថ្មីមួយទៀត កាន់តែល្បីរន្ទឺសុះសាយលើឆាកអន្តរជាតិ ក្នុងនាមជាប្រធានអាស៊ាន នាឆ្នាំ២០២២ នេះ។

ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភីរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការ ពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលបានព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទូលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សំរិត


ចែករំលែក៖