ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២៨ ខែតុលា ឆ្នាំ២០២២នេះថា៖ មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ និងអនុវត្តច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ។
ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២២ មន្ត្រី ក.ប.ប. ប្រចាំនៅសាខាខេត្តកំពង់ធំ និងខេត្តព្រះសីហនុ បន្តអនុវត្តភារកិច្ចក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដោយបានចុះអង្កេត និងត្រួតពិនិត្យទំនិញចរាចរនៅលើទីផ្សារនានា រួមទាំងផ្ទះនិងដេប៉ូចែកចាយទំនិញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញចម្រុះមិនមានអនុលោមភាពតាមលក្ខណៈបច្ចេកទេស ហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ១៥គីឡូក្រាម។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានចេតនាដាក់តាំងលក់ទំនិញខូចគុណភាព ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
សូមជម្រាបថា មន្រ្តីជំនាញ បានបន្តត្រួតពិនិត្យនូវទំនិញគ្រប់ប្រភេទនៅលើទីផ្សារ ដើម្បីរកទំនិញមិនមានអនុលោមភាពចៀសវាងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ខាតបង់ផលប្រយោជន៍ផ្សេងៗ និងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធជូនដល់ធុរជនដើម្បីស្វែងយល់បន្ថែម ចៀសវាងប្រកបអាជីវកម្មល្មើសនឹងច្បាប់ដែលមានចែង៕
ដោយ៖ សហការី