ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន ​៖​ ដាក់តាំងបង្ហាញនូវអណ្តើកហ្លួង ដែលជាប្រភេទសត្វកម្រ​ នាឱកាស​ពិព័រណ៍ការងារ និងផលិតភាពជាតិ​ ឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា!

ចែករំលែក៖

ភ្នំពេញ ​៖​ ក្រសួងបរិស្ថាន​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​២៨​ ខែតុលា​ ឆ្នាំ​០២២នេះ​ បានឱ្យដឹងថា​ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីក្រសួង ស្ថាប័ន និងវិស័យឯកជនជាច្រើន។ 

ក្រសួងបរិស្ថាន​ បានឱ្យដឹងទៀតថា​ ព្រឹត្តិការណ៍នេះគឺជាឱកាសផ្តល់ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារទាំងអស់មានឱកាសទទួលបានការងារធ្វើភ្លាមៗ ការប្រឹក្សាយោបល់អំពីអាជីព វិធីសាស្រ្តជោគជ័យក្នុងការដាក់ពាក្យស្វែងរកការងារ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ទទួលបានជោគជ័យក្នុងអាជីព ក៏ដូចជាតម្រូវការទីផ្សាការងារ។ 

នៅក្នុងការចូលរួមតាំងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ក្រសួងបរិស្ថានចូលរួមដាក់តាំងបង្ហាញពីវឌ្ឍនភាពការងារលើការគ្រប់គ្រងវិស័យបរិស្ថាន ដោយមានការតាំងបង្ហាញនូវវីដេអូឯកសារ និងស្ព័តខ្លីៗ ឯកសារទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពរបស់ប្រជាសហគមន៍ ដែលចូលរួមពី ៖ 

*អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ 

*អគ្គនាយកដ្ឋានគាំពារបរិស្ថាន 

*អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន 

*អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ 

*អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន 

*អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ។ 

ទន្ទឹមនឹងនោះដែរ ក្រសួងបរិស្ថាន​ ក៏មានការដាក់តាំងបង្ហាញនូវអណ្តើកហ្លួង ដែលជាប្រភេទសត្វកម្រ ហើយក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមផងដែរ ៕

ដោយ​៖សហការី​


ចែករំលែក៖