នៅថ្ងៃទី ២៨ខែតុលា នាយកដ្ឋានព្យាករណ៍អាកាសធាតុហ្វីលីពីន បានប្រកាសថា ការបាក់ដីនិងទឹកជំនន់បានសម្លាប់មនុស្ស៣១នាក់ស្ថិតនៅភាគខាងត្បូងប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំង បង្កឡើងដោយព្យុះ Nalgae ជាមូលហេតុបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា បានផ្សាយថា អាជ្ញាធរគ្រោះមហន្តរាយហ្វីលីពីន នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ឥទ្ធិពលនៃព្យុះត្រូពិចឈ្មោះ Nalgae បាននាំមកនូវ ភ្លៀងធ្លាក់យ៉ាងជោកជាំ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបង្កឱ្យមានគ្រោះរអិលបាក់ដីនិងទឹកជំនន់ ដែលបានស្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ នៅតាមក្រុងមួយចំនួននៃខេត្តមីនដាណាវ (Mindanao) លើកោះមីនដាណាវ ភាគខាងត្បូងប្រទេស។ ជាមួយគ្នានេះ ក៏មានមនុស្សបាត់ខ្លួនផងដែរ ប៉ុន្តែមិនច្បាស់ថា ប៉ុន្មាននាក់ឱ្យប្រាកដនោះទេ។
ព្យុះត្រូពិច Nalgae មិនទាន់បោកបក់មកដល់ ប្រទេសហ្វីលពីនតែម្តងនៅឡើយទេ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅ ភាគខាងជើងប្រទេសអាស៊ានមួយនេះ ខណៈអាជ្ញាធរការពារជនស៉ីវិលបានអះអាងថា មនុស្សជិត៥,០០០នាក់ ត្រូវបានជម្លៀសពី តំបន់ងាយរងគ្រោះបំណាក់ដី និងទឹកជំនន់នៅទីនោះ មុនពេលព្យុះ Nalgae ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់នៅខ្ទង់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្តាហ៍នេះ ៕ ដោយ៖ ធីរីណា
រូបថត ៖ vov.vn