ភ្នំពេញ ៖ ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៦៨៤.៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ។
តាមការឲ្យដឹងពី លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ ដែលជាតំបន់វាលទំនាបកណ្ដាល ទទួលរងនៅគ្រោះទឹកជំនន់ ធ្វើឲ្យប៉ះពាល់ចំនួន០៩ ក្រុង ស្រុក ៥១ឃុំ សង្កាត់ និង ២៩២ភូមិ ប្រជាពលរដ្ឋចំនួន ២៩.៣៣៦គ្រួសារ ក្នុងនោះ ជម្លៀស ប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពចំនួន១,៥០១គ្រួសារ។ ប៉ះពាល់ដំណាំស្រូវ ២៥៣៩៥ហិកតា ខូចខាត ១២៣០៧ហិកតា និងដំណាំរួមផ្សំ ១៧៦៦ហិកតា ខូចខាត ១.២៥៦ហិកតា និងប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធ ខូចខាតសា្ថនទាំងស្រុងចំនួន ០២កន្លែង ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត។
ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំង ប្រដាប់អាវុធ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែប្រឈមនឹងគ្រោះទឹកជំនន់ ជាប្រចាំ។ ក្រៅពីនេះ រដ្ឋបាលខេត្ត បានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន និងប្រជាពលរដ្ឋនៅ ទូទាំងខេត្តកំពង់ធំ តាមរយៈការប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុនលេខ ១២៩៤ ដើម្បីឲ្យប្រជាជនមាន ការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុន។ ព្រមទាំងបានជូនដំណឹងដល់សាធារណៈជន និង ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន និងស្ទឹងស្ទោង ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការចំពោះគ្រោះទឹកជំនន់។
ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយ ទទួលរងដោយគ្រោះទឹកជំនន់ រដ្ឋបាលខេត្ត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន ចែកជូនគ្រឿងឧបភោគបរិភោគ ដែលជាស្បៀងបម្រុងរបស់រាជរដ្ឋាភិបាល និងសប្បុរជននានា ជូន ប្រជាពលរដ្ឋបានចំនួន ១៥៤៩៤គ្រួសារ។ ដោយឡែក ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុនី្ន ក៏បានផ្ដល់ជូនថ្នាំពេទ្យចំនួន ១,០០០កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ផងដែរ។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង ៧:០០ នាទីព្រឹក ពីទីរួមខេត្តកំពង់ធំ៕
ដោយ : សិលា