រដ្ឋធានីអាប៊ុយដាប៊ី, អេមីរ៉ាតអារ៉ាប់រួម៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែតុលា ឆ្នាំ២០២២នេះថា៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែតុលាថ្មីៗនេះ បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ដើម្បីពិនិត្យ និងពិភាក្សាអំពីលទ្ធផលការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។
នៅក្នុងជំនួបនេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណចំពោះភាគីអេមីរ៉ាតអារ៉ាប់រួម ដែលបានទទួលរៀបចំពិធីប្រកាសបើក និងការចរចាជុំទី១ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement – CAM-UAE CEPA) ក៏ដូចជាវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចូលរួមលើកកម្ពស់បរិយាកាសសេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ និងជាពិសេសទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។
ទន្ទឹមនឹងនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រកបដោយផ្លែផ្កា នៃការចរចាជុំទី១ នៃកិច្ចព្រមព្រៀង CAM-UAE CEPA ពោលគឺភាគីទាំងពីរបានធ្វើការចរចាលើជំពូកសរុបចំនួន ១៨ ជំពូក ដែលគ្របដណ្តប់លើវិស័យ និងផ្នែកសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្មទំនិញនិងសេវា, របាំងពាណិជ្ជកម្ម, អនាម័យនិងភូតគាមអនាម័យ, ពាណិជ្ជកម្មសេវា, កិច្ចសម្រួលពាណិជ្ជកម្ម, វិធានដើមកំណើតទំនិញ, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ឧបាស្រ័យពាណិជ្ជកម្ម, វិនិយោគ, កម្មសិទ្ធិបញ្ញា និងច្បាប់និងស្ថាប័ន ដោយឈរលើមាគ៌ាផលប្រយោជន៍រួម និងការបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងបុព្វហេតុការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននិងចីរភាព។
បន្ថែមពីនេះ ភាគីទាំងពីរ បានឯកភាពជាគោលការណ៍ក្នុងការពិនិត្យលទ្ធភាពរៀបចំការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA ជុំទី២ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៅអំឡុងខែធ្នូ ឆ្នាំ២០២២ ខាងមុខ៕
ដោយ៖សហការី