ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែតុលាឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពនិងជោគជ័យ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលសភា នៃព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះ ក្នុងទីក្រុងបាងកកពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន២៨ប្រទេស បានផ្តួចផ្តើមបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីពង្រឹងសុខសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ព្រមទាំងដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់ និងសកលលោក។
កិច្ចប្រជុំលើកទី៣០នេះ APPF បានអនុម័តសេចក្តីសម្រេចចិត្តចំនួន១១ សម្រាប់ជាគតិយុត្តក្នុងការលើកកម្ពស់តួនាទីសភានិងពហុភាគីនិយមនៅក្នុងការដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច សន្តិសុខ អំពើហិង្សានៅក្នុងតំបន់ និងសកលលោកដែលកំពុងកើតមាន។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញថ្លែងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំ ដោយបានកោតសរសើរចំពោះសភាប្រទេសថៃក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលពិភពលោកត្រូវការការស្តារសេដ្ឋកិច្ចនិងសង្គមឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងស្របពេលដែលពិភពលោកកំពុងប្រឈមនូវបញ្ហាជាច្រើន ជាអាទិ៍ ការកើនឡើងនូវភាពតានតឹងនៃភូមិសាស្រ្តនយោបាយ និងការគំរាមកំហែងផ្នែកសន្តិសុខ។
សម្តេចបានស្នើឱ្យគ្រួសារ APPF និងបណ្តាប្រទេសក្នុងសកលលោក ត្រូវគោរពតាមច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ដោយឡែកនៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេចអគ្គមហពាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាប្រទេសថៃនិងជាប្រធាន APPF លើកទី៣០ និងឯកឧត្តម សាយ សំភូន ភូមិវិហាន ប្រធានរដ្ឋសភា ប្រទេសឡាវ ព្រមទំាងបានអនុញ្ញាតឱ្យលោកជំទាវ លោកជំទាវ ង្វៀន ទួនវ៉ាន់ អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ដែលមានការិយាល័យនៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម ផងដែរ៕
ដោយ៖សហការី