ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀល ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។
តាមកម្មវិធីពិធីប្រណាំទូកនេះ មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដោយ ចំណុះទូកចូលរួមប្រកួតទាំងអស់ សរុប ៥០ទូក ក្នុងនោះទូកអន្តរជាតិមាន ៤៤ទូក និងទូកក្តាបីសន្លឹក មាន ៦ទូក ក្នុងនោះមាននារី ១ទូក ដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ ។
ពិធីអុំទូកនេះអាចដំណើរទៅបាន ដោយសារតែប្រទេសជាតិ មានសុខសន្តិភាពបរិបូរណ៍ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងមានចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនមកពីបណ្តាខេត្តនានា ដែលធ្វើឲ្យពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ។ ក្នុងរយៈពេល ២ថ្ងៃនេះ ក៏មានកាប្រជុំតន្ត្រីពី ក្រុមការងារតន្ត្រីស្រុកស្រែ ក្រុមការងារតន្ត្រីគ្រុឌ និងក្រុមការងារតន្ត្រីហ្គេនស៍បឺគ និងស្តង់តាំងពិព័រណ៌ជាង ៥០០ស្តង់ ផងដែរ៕
ដោយ ៖ សហការី