ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ សហគ្រិន និងវិស័យឯកជនបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានថ្លែងថា: សហគ្រិន និងវិស័យឯកជនបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ ដែលជាកត្តាលិករដ៏សំខាន់ដល់ការអភិវឌ្ឍជាតិតាមរយៈការស្រូបទាញចំណូល ជាពិសេសការបង្កើតការងារនៅក្នុងប្រទេស ក៏ដូចជាឱកាសក្នុងការក្លាយខ្លួនជាសហគ្រិនដល់យុវជនជំនាន់ក្រោយផងដែរ។ ខ្ញុំពិតជាសូមចូលរួមអបអរសាទរដល់ CEO Master Club ចំពោះសមិទ្ធផលក្នុងការចូលរួមបណ្តុះបណ្តាលសហគ្រិនភាពដល់ម្ចាស់អាជីវកម្មជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

លោកបញ្ជាក់ថា, វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតប្រាក់ចំណូល ការងារ ក៏ដូចជាការចែករំលែកចំណេះដឹង បទពិសោធន៍ដល់យុវជនក្នុងការត្រៀមខ្លួនចូលក្នុងវិស័យធុរកិច្ច។ 

លោក ហ៊ុនម៉ានី បានលើកឡើងថា, ឆ្លៀតក្នុងឱកាសនោះ ខ្ញុំក៏បានថ្លែងអំណរគុណដល់សមាជិក CEO Master Club ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយម្យ៉ាងចូលរួមជាការបរិច្ចាគធនធានជាសម្ភារៈបរិក្ខាក្តី ឬជាស្បៀងអាហារក្តី តែម្យ៉ាងទៀតគឺការចូលរួម អត់ធ្មត់ និងយោគយល់ក្នុងដំណាក់កាលបិទខ្ទប់ដែលនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ធ្វើឱ្យយើងអាចគ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា និងប្រកបដោយជោគជ័យ។ 

លោកបន្តថា, ជាមួយនឹងការអបអរសាទរចំពោះជោគជ័យរបស់ខ្លួន ខ្ញុំសូមជូនពរដល់សហគ្រិនម្នាក់ៗឱ្យទទួលបានជោគជ័យបន្តថែមទៀត។ ជោគជ័យរបស់យើងម្នាក់ៗ ក៏នឹងក្លាយជាជោគជ័យរបស់សង្គមជាតិរបស់យើងផងដែរ៕

ដោយ : សិលា


ចែករំលែក៖