ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្រជ្រៀតជាន់លើគ្នានៅទីក្រុងសេអ៊ូល ស្លាប់១៥១នាក់ មានជនបរទេស១៩នាក់ក្នុងថ្ងៃបុណ្យ Halloween

ចែករំលែក៖

តាមព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា មន្ត្រីកូរ៉េខាងត្បូងបានឱ្យដឹងថា ក្នុងចំណោមអ្នកបាត់បង់ជីវិត ក្រោយហេតុការណ៍រត់ជាន់គ្នាយ៉ាងតក់ស្លុតមួយក្នុងអំឡុងនៃការប្រមូលផ្តុំគ្នារបស់ហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នៅទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ គឺមានជនបរទេសចំនួន១៩នាក់ផងដែរ។

គិតត្រឹមម៉ោង៩ព្រឹកថ្ងៃអាទិត្យនេះ (ពេលវេលានៅទីក្រុងសេអ៊ូល) មនុស្សសរុបកើនដល់១៥១នាក់ ក្នុងនោះមានជនបរទេស១៩នាក់បានស្លាប់ ខណៈដែលតួលេខអ្នករងរបួសត្រូវបានបន្ថយមកត្រឹម ៨៩នាក់ ដោយ១៩នាក់របួសធ្ងន់។ ក្នុងចំណោមអ្នកបាត់បង់ជីវិតមាននារី៩៧នាក់ និងបុរស៥៤នាក់ ភាគច្រើនជាយុវវ័យ ឬអ្នកដែលមានអាយុត្រឹម២០ប្លាយឆ្នាំប៉ុណ្ណោះ។ ចំណែកជនបរទេសដែលបានស្លាប់វិញ រួមមានជនជាតិអ៉ីរ៉ង់ អ៊ូបេគីស្ថាន ចិន និងន័រវែស។
ហេតុការណ៍ជាន់គ្នាស្លាប់ដ៏អាក្រក់បំផុតខាងលើ ក្នុងប្រវត្តិសាស្រ្តប្រទេសកូរ៉េខាងត្បូងបានកើតឡើងនៅច្រកផ្លូវចំណោតតូចចង្អៀតមួយ ជាប់សណ្ឋាគារឈ្មោះថា ហាមីលតុន (Hamilton Hotel) ដែលស្ថិតក្នុងសង្កាត់អ៉ីតេវ៉ុន (Itaewon) នៃទីក្រុងសេអ៊ូល ដែលជាសង្កាត់ពេញនិយមសម្រាប់ការដើរកម្សាន្តពេលរាត្រី បន្ទាប់ពីមនុស្សរហូតដល់ខ្ទង់ ១០០,០០០នាក់ បាននាំគ្នាប្រមូលផ្តុំនៅតំបន់នោះដើម្បីអបអរពិធីបុណ្យ Halloween។ វាគឺជាបុណ្យ Halloween ដំបូងបំផុតនៅទីក្រុងសេអ៊ូល ក្នុងរយៈពេល៣ឆ្នាំមកនេះ បន្ទាប់ពីកូរ៉េខាងត្បូងបានដកវិធានការរឹតត្បិតកូវីដ-១៩ ជាច្រើនចេញវិញ។ មកទល់ពេលនេះ អាជ្ញាធរកំពុងបន្តស៉ើបអង្កេតដើម្បីកំណត់ពីដើមហេតុដែលបង្កឱ្យមានការជាន់គ្នា ខណៈដែលអំឡុងពេលកើតហេតុគឺមិនមានការលេចធ្លាយឧស្ម័ន ឬក៏អគ្គិភ័យអ្វីនោះឡើយ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ YONHAP NEWS

រូប​ថត​ ៖ Reuters


ចែករំលែក៖