ខេត្តសៀមរាប ៖ ក្រោមកិច្ចសហការ និងគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានសម្រេចគោលដៅ និងបញ្ចប់នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅលើទឹកដីដ៏ប្រសិទ្ធខេត្តសៀមរាប។ នេះជាការថ្លែង របស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៣០ ខែតុលា នេះ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា, ខ្ញុំសូមអបអរសាទរដល់លោក សាយ ដែលបានបញ្ចប់បេសកម្មរត់ដើម្បីស្វែងរកថវិកាមនុស្សធម៌បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ដោយចំណាយរយៈពេលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ ក្នុងបេសកកម្មនេះ កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានទទួលថវិកាជាង ១៥០ លាន រៀល គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ។
លោកថ្លែងបន្តថា, ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំ ស.ស.យ.ក. ខ្ញុំសូមថ្លែងអំណរគុណ ដល់សមាជិក សមាជិកា ស.ស.យ.ក. រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានដែលបានសហការគាំទ្រដល់ក្រុមការងាររបស់លោក សាយ និងចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនមិនថាតិចក្ដី ច្រើនក្ដី ដើម្បីគាំទ្រដល់ការងារមនុស្សធម៌ និងជួយដល់កុមារកម្ពុជាដែលកំពុងទទួលព្យាបាលឥតគិតថ្លៃនៅមន្ទីរពេទ្យកុមារអង្គរ។ ការចូលរួមទាំងអស់នេះ បានបង្ហាញពីការផ្ដល់ឱកាស និងជួយគាំទ្ររបស់ស.ស.យ.ក. ដល់យុវជនជំនាន់ក្រោយដែលមានឆន្ទៈក្នុងការចូលរួមលះបង់ត្រលប់ទៅកាន់សង្គមជាតិរបស់ខ្លួន ៕
ដោយ ៖ សិលា