ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់តាំងក្រុមការងារ នាំយកនូវសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនមកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីប្រគល់ទទួលនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកអនុសេនីយ៍ទោ លេន ណាលិ បានបញ្ជាក់ថាសម្ភារៈប្រើប្រាស់ចាំបាច់នេះគឺ ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី ពេជ ចន្ទមុន្នី ដើម្បីប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងការបម្រើអង្គភាព និងបម្រើប្រជាជន រួមមាន ៖ ម៉ាស៊ីនគោយន្ត និងរ៉ឺម៉កចំនួន០៦គ្រឿង ម៉ូតូចំនួន២៤គ្រឿង កាណូតចំនួន០៤គ្រឿង វិទ្យុទាក់ទងលើតុចំនួន ៊១៥គ្រឿង វិទ្យុទាក់ទងដៃចំនួន៧៥គ្រឿង បន្ទះសូឡាសម្រាប់បញ្ជូលអាគុយចំនួន១២គ្រឿង បន្ទះសូឡាសម្រាប់ប្រើប្រាស់បំភ្លឺភ្លើងចំនួន១០គ្រឿង ម៉ាស៊ីនហ្វូតូកូពីខ្នាតធំចំនួន១គ្រឿង ស៊ីម៉ងត៍ចំនួន៣០តោន និងស័ង្កសីចំនួន២.៥០០សន្លឹក។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាករបស់កងទ័ព និងគ្រួសារកងទ័ពនៅគ្រប់ទីកន្លែង ហើយថ្ងៃនេះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលនូវសម្ភារៈប្រើប្រាស់ជាច្រើន សម្រាប់បម្រើការក្នុងអង្គភាពក៏ដូចជាបម្រើប្រជាជន។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តចាត់ចែងប្រើប្រាស់សម្ភារៈទាំងនេះទៅតាមបណ្ដាកងឯកភាពនីមួយៗ និងប្រើប្រាស់ឲ្យចំគោលដៅក្នុងការបម្រើអង្គភាពនិងប្រជាជន និងសូមគោរពជូនពរលោកលោកស្រី សូមបានប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ កែវមន្នី