ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២២ នឹងប្រារពនៅថ្ងៃទី៧ ៨ ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកប្រារពព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ ដោយសារកម្ពុជា ត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលដំណើរទស្សនកិច្ចមេដឹកនាំមកពីបណ្ដារប្រទេសនានា ជាច្រើន ក៏ប៉ុន្តែរាជរដ្ឋាភិបាល បានអនុញ្ញាតអោយ បណ្ដាខេត្តនានា រៀបចំប្រារពពិធីបុណ្យនេះ នៅតាមខេត្តរៀងៗខ្លួន។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, នៅតាមបណ្ដារខេត្តផ្សេងគ្នា គឺមានការប្រារពថ្ងៃខុសគ្នា ជាក់ស្ដែងសម្រាប់ថ្ងៃ៣០ តុលា នេះ ខេត្តកណ្ដាល បានប្រារពពិធីប្រណាំងទូកថ្ងៃទី២ ដែលមានទូកជាច្រើន មកពីតាមបណ្ដាខេត្តក្រុងនានា មកចូលរួមប្រកួត និងមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ មកលេងកម្សាន្ត សប្បាយរីករាយ ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។
ទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ប្រកាន់ខ្ជាប់ ៣កុំ ៣កាេពារ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស៕
ដោយ ៖ សិលា