ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ថ្លែង​ប្រសាសន៍សំខាន់ៗ​ក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាង៦ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែង​ប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ សំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់។

សូមអានសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន មានដូចខាងក្រោម​៖

– និស្សិតដែលអញ្ជើញទទួលសញ្ញាបត្រនៅព្រឹកនេះ មានចំនួនសរុប ៦,៣០៧នាក់ (នារី ៣,០៨៨នាក់) ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រ ៤,៦៦៤ នាក់ នារី ២,៥២៨នាក់ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១,៦៤៣នាក់ នារី ៥៦០នាក់។

 – និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះ មាននិស្សិតជាង ៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ក្រៅពីនិស្សិតខ្មែរ សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មាននិស្សិតបរទេសជាច្រើនបានចូលសិក្សា ក្នុងនោះក៏មាននិស្សិតមកពីសហរដ្ឋអាមេរិក និងនិស្សិតមកពីប្រទេសធំៗ និងរីកចម្រើននានាលើសកលលោកផងដែរ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ក្នុងចំណោមនិស្សិត ដែលទទួលសញ្ញាប័ត្រនាពេលនេះ មាននិស្សិតជាង៩៧ភាគរយ មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមានជាង ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មានជិត ១០០ភាគរយ ហើយនិស្សិតមួយចំនួនទៀតមានការងារ-របរ និងអាជិវកម្មផ្ទាល់ខ្លួន។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ កោតសរសើរដល់សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលនៅតែបន្តភាពល្អប្រសើរ និងនិរន្តរភាព នៃការបង្រៀន និងរៀនរបស់ខ្លួន បានយ៉ាងល្អប្រសើរ និងកិត្យានុភាព។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចាប់ផ្តើមជាមួយភាពលំបាលលំបិនកាលពីឆ្នាំ១៩៨២ ដែលកាលណោះមានអគារចាស់ៗ និងប្រក់ដែកសង្កសី ហើយទីធ្លាមួយចំនួននាពេលនេះ បានកាត់ចេញមកពីវិទ្យាល័យបឹងត្របែកដែលនៅក្បែរនោះ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ជាភ័ព្វសំណាង ដែលកម្ពុជា​ បានជំនះលើសមរភូមិប្រឆាំងកូវីដ-១៩ ទើបយើងមានឱកាសបានជួបជុំគ្នាដោយផ្ទាល់ដូចពេលនេះ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មកទល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ ដែលកម្ពុជាបើកប្រទេសឡើងវិញ បន្ទាប់ពីរងគ្រោះធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩ ដែលជាឱកាស នៃការបើកឡើងវិញ នូវសេដ្ឋកិច្ច សង្គម និងផ្នែកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងពេលកម្ពុជាកំពុងរងការវាយប្រហារខ្លាំងដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានដាក់ចេញនូវវិធានការនានាបន្ទាន់ និងចាំបាច់ ដើម្បីធានាសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ដូច្នេះវិធានការការពារខ្លួន និងការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រុមគ្រូពេទ្យ គឺជាអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ។

– សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានវិធានការការពារខ្លួនពីការឆ្លង និងចម្លងកូវីដ-១៩ ដោយអនុវត្តន៍វិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់គ្រូពេទ្យ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សន្តិភាពមានមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សជាតិ មិនថាតែកម្ពុជាទេ។ សម្តេចបញ្ជាក់ថា «ការអភិវឌ្ឍនីមួយៗ នឹងមិនអាចកើតឡើងបានឡើយ បើគ្មានសន្តិភាព និងធនធានមនុស្ស»។​ ជាក់ស្តែងដូចជាប្រទេសកម្ពុជាយើងនេះ បើគ្មានសន្តិភាពទេ នោះក៏គ្មានឱកាសដឹកនាំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃនោះដែរ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសដែល មានសង្រ្គាមគឺគ្មានឱកាសបានសិក្សារៀនសូត្រស្រួលនោះទេ ហើយក៏គ្មានឱកាសធ្វើការកសាង និងអភិវឌ្ឍប្រទេសឲ្យមានការរីកចំរើននោះដែរ។ 

-សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព គ្មានអំពើភេរវកម្មនេះហើយ ទើបកម្ពុជាមានឱកាសដឹកនាំ កិច្ចប្រជុំធំៗ ជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយកិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំប្រទេសធំៗនៅលើពិភពលោកចូលរួម ដូចជាលោក ចូ បៃឌិនប្រធានាធិបតីអាមេរិក នាយករដ្ឋមន្រ្តីចិន .ជប៉ុន. កូរ៉េ. ឥណ្ឌា. កាណាដា. អូស្ត្រាលី និងប្រទេសជាច្រើនទៀត។ 

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ពេលនេះ មានមេឃុំ និងចៅសង្កាត់មួយចំនួន បានបញ្ចប់ថ្នាក់ឧត្តមសិក្សា ហើយសម្តេចសង្ឃឹមថា ការបោះឆ្នោតក្រោយៗទៀតថ្នាក់ឃុំ-សង្កាត់ នឹងមានបេក្ខជនឈ្មោះ ដែលមានកម្រិតវប្បធម៌កាន់តែខ្ពស់ថ្នាក់ឧត្តមសិក្សា។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា មានអ្នកខ្លះ មិនហ៊ាននិយាយពីអតីតកាលដ៏លំបាកលំបិនរបស់សកម្ពុជា និងអនុស្សាវរីយ៍ឈឺចាប់របស់ខ្លួនឡើយ ខ្លាចគេថា «អន់» តែសម្រាប់សម្តេច ការឈឺចាប់ និងភាពលំបាលលំបិនរបស់កម្ពុជាពីអតីតកាល គឺជាមេរៀនសម្រាប់យើងទាំងអស់គ្នា។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ កុំឱ្យមានភាន់ច្រលំថា ៧មករា ឆ្នាំ១៩៧៩ ជារបស់គណបក្សប្រជាជនកម្ពុជាផ្តាច់មុខ ។ ៧មករា ជារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយជាថ្ងៃ នៃការរន់រានមានជីវិតឡើងវិញសារជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ពីការកាប់សម្លាប់ ប្រល័យពូជសាសន៍។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងពេលជារដ្ឋមន្ត្រីក្រសួងការបរទេសនៃកម្ពុជា សម្តេចមានអាវធំ(ក្រសេ)តែមួយប៉ុណ្ណោះ និងបានពាក់អាវធំមួយតែមួយនោះ ទស្សនកិច្ចផ្លូវការនៅប្រទេសនានាលើពិភពលោក ហើយរួបថតមួយចំនួនដែលបានបន្សល់ទុក បានក្លាយជាអនុស្សាវីយ៍ជាង ៤០ឆ្នាំ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែងថា​ និស្សិតនានា ទោះចប់សិក្សាក៏ដោយ មិនត្រូវបោះបង់ស្វ័យសិក្សាឡើយ ព្រោះនៅលើលោកនេះ គ្មាននរណាម្នាក់ចេះអស់នោះទេ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ការតែងតាំងរដ្ឋមន្ត្រីណាមួយរបស់កម្ពុជា មិនចាំបាច់សុំការអនុញ្ញាតពីអ្នករិះគន់ និងអ្នកវិភាគទាំងឡាយទាំងពួងនោះទេ ហើយរដ្ឋមន្ត្រី ដែលបានតាំង ក៏មិនទាល់តែត្រូវជំនាញនោះទេ ព្រោះអ្វីៗយើងអាចរៀនសូត្របាន ហើយក៏គ្មាននរណាចេះអស់សព្វគ្រប់ដែរ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចនឹងជួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន លើកិច្ចការទំនាក់ទំនងផ្ទាល់រវាងកម្ពុជា-អ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការក្របខណ្ឌអាស៊ាន-អ៊ុយក្រែន។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ក្នុងពេលជួបសន្ទនាជាមួយឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែននាល្ងាចនេះ សម្តេចនឹងចោទសួរប្រធានាធិបតីអ៊ុយក្រែនពាក់ព័ន្ធនឹងការនាំចេញគ្រាប់ធញ្ញជាតិទៅក្រៅប្រទេស នាំឱ្យមានវិបត្តិស្បៀងអាហារលើពិភពលោក។

– សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមទីជនបទនានា ដែលមានឪពុក-ម្តាយ យាយ-តា ចាស់ជរា សូមមើលថែរក្សាពួកគាត់ក្នុងរដូវរងារចូលមកដល់នេះ ដើម្បីឱ្យពួកគាត់បានរស់នៅដោយកក់ក្តៅ។

– សម្តេចតេជោ ហ៊ុន សែន នៅតែបន្តប្រកាសអំពាវនាវដល់ស្ថាប័នរដ្ឋ និងវិស័យឯកជន សូមលើកទឹកចិត្ត ផ្តល់ឱកាស និងទទួលយកមន្ត្រីរាជការក្របខណ្ឌថ្មី ឬបុគ្គលិក ជាជនពិការ ដើម្បីបំពេញការងារ។

– សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា​ សុំការយោគយល់ពីប្រជាពលរដ្ឋរស់នៅតែដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ដែលបានបិទ ឬផ្អាកបណ្តោះអាសន្ន ដើម្បីទទួលគណៈប្រតិភូអាស៊ាន និងប្រទេសមហាអំណាចនានា ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ៕

ដោយ​៖ស​ តារា


ចែករំលែក៖