ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានរងរបួសធ្ងន់ខណៈធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ដោយជួយរី​យ៉ែ​រថយន្ត​​ឱ្យ​គេគ្រាន់​បាន​ថវិកា​ចិញ្ចឹម​គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​ធ្វើ​ចរាចរណ៍​នៅ​តាម​ដងផ្លូវ​ដោយជួយរី​យ៉ែ​រថយន្ត​​ឱ្យ​គេគ្រាន់​បាន​ថវិកា​ចិញ្ចឹម​គ្រួសារ ​ហើយត្រូវ​​ម៉ូតូ​បុក​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើលឡើង​កាលពី​​ម៉ោង​១០​យប់​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ខាងមុខ​បុរី ជា​រី ​ ​ស្ថិត​ក្នុង​​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

     ​សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះ​រូបនេះ​​មិន​បាន​ស្គាល់ឈ្មោះ​ និង​អា​សយ​ដ្ឋា​ននោះទេ ។ ចំណែក​ម៉ូតូ​​ដែល​បើក​បុក​ជនរងគ្រោះ​ម៉ាកហុងដា (​ZOOMER-X) ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1GD-1514 បើកបរ​ដោយ​បុរស​ម្នាក់ មិនស្គាល់​អត្ត​សញ្ញាណ​ ។

    ​ប្រភព​ព័ត៌មាននៅកន្លែង​កើតហេតុ​បានឱ្យដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជា​អ្នក​ធ្វើ​ចរាចរណ៍​នៅ​ទល់មុខ​បុរី ជា​រី និ​ង​ជួយរី​​យ៉ែ​រថយន្ត​នៅ​ហាង​ក្បែរ​កន្លែង​កើតហេតុ ខណៈ​ពេល​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ ​ស្រាប់តែ​​មាន​​ម៉ូតូ​ម៉ាក​​ហ្ស៊ូមមើ អុិច​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ជន​រង​គ្រោះ​​ពេញទំហឹង​ បណ្តាល​ឱ្យរង​របួស​បែកក្បាលហូរ​ឈាម​សន្លប់​ស្តូកស្តឹង ចំណែក​អ្នកបើកបរ​ម៉ូតូ​​បាន​រង​របួស​ធ្ងន់បែក​មុខផងដែរ ។​

     ​ប្រភព​ព័ត៌មាន​​បន្ត​ទៀត​ថា ខណៈ​មានគ្រោះថ្នាក់​ភ្លាម​ៗ​បងប្អូន​ប្រជាពលរដ្ឋ​បានទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ​មក​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុ​មៈ​ទាំង​២​នាក់ ។

    បន្ទាប់ពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បាន​យក​ម៉ូតូ​​ហ្ស៊ូមមើ អុិច​ទៅ​រក្សា​ទុក​​រង់ចាំ​ដោះស្រាយ​គ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖