ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិបើកកិច្ច ប្រជុំឆ្លងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារខែតុលា និងទិសដៅអនុវត្តការងារបន្តខែវិច្ឆិកាឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការពារជាតិរាជធានីភ្នំពេញ មានបើកកិច្ច ប្រជុំឆ្លងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារខែតុលានិងទិសដៅអនុវត្តការងារបន្តខែវិច្ឆិកាឆ្នាំ ២០២២ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ អគ្គមេបញ្ជាការ,អគ្គមេ បញ្ជាការរង នៃកងយោធៈពលខេមរៈភូមិន្ទ មេបញ្ជាការបណ្តាប្រភេទទ័ព និងអគ្គនាយក អគ្គនាយករង បណ្តាស្ថាប័នជំនាញចំណុះក្រសួងការពារជាតិ ជាច្រើនរូបទៀត ។ 

ក្នុងសេចក្តីព្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារក្នុងខែតុលា អានដោយឧត្តមសេនីយ៍ឯក ច័ន្ទ សារាំង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួង ការពារជាតិ និងជានាយក នាយកដ្ឋានសរុប បានឲ្យដឹងថា ក្នុងរយៈពេលមួយខែ ក្នុងខែតុលា ឆ្នាំ២០២២នេះ កងយោធពលខេមរៈភូមិន្ទ  បានយកចិត្តទុកដាក់ពុះពារអនុវត្តតួនាតីភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងភារកិច្ចចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើនគួរជាទីមោទនៈ ។ ក្នុងនោះ សភាពការណ៍នៅតាមតំបន់ព្រំដែនស្ងប់ស្ងាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់, កងយោធពលខេមរៈភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែន សមុទ្រ ធ្វើសកម្មភាពល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមករវាងប្រទេសជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី ឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។

 ដោយឡែក សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេសមានភាពល្អប្រសើរ, កងយោធ ពលខេមរៈភូមិន្ទ  បានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារសន្តិសុខសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី និងជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិ ដែលអញ្ជើ្ញញបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងនាមប្រធានអាស៊ានប្តូរវេន និងក្នុងឱកាសពិធីបុណ្យផ្សេងៗប្រពៃណីជាតិ ពិ​សេ​​​ស​ការចូលរួមការពារសន្តិសុខ ជុំវិញពិធីផ្សេងៗរបស់ជាតិ ។ ក្រៅពីនេះ ក៏បានចូលរួមជួយ សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះជំនន់ទឹក ភ្លៀង, ខ្យល់ព្យុះរលំបាក់ផ្ទះប្រជាពលរដ្ឋ,គ្រោះអគ្គីភ័យ, នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។ 

ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ,នាយឧត្តមសេនីយ៍ នាង ផាត បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ គឺជាឆ្នាំមួយដ៏មានសារៈសំខាន់ ដោយមានព្រឹត្តិការណ៍ទាំងជាតិ និងអន្តរជាតិធំៗជាច្រើន។ ក្នុងនោះកងយោធពល ខេមរៈភូមិន្ទ និងក្រសួងការពារជាតិ បានធ្វើជាប្រធានអាស៊ានប្តូរវេន ចាត់តាំងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាបន្តបន្ទាប់ ពិសេសបានរៀបចំនូវកិច្ចប្រជុំដោយផ្ទាល់ របស់អាស៊ាន បន្ទាប់ ពីមានការអាក់ខានអស់រយៈពេលជាង ២ឆ្នាំកន្លងមក ដែលប្រការនេះ កម្ពុជា ទទួលបានការគាំទ្រ និងការកោតសរសើរ ពីសមាជិកអាស៊ាន និងអាស៊ានបូក ។

នៅក្នុងរយៈពេលនេះដែរ កងយោធពលខេមរៈភូមិន្ទ ក៍បានកែទម្រង់ ក្នុងនោះបានបន្តធ្វើការកែសម្រួលនិងបង្កើតក្របខណ្ឌមួយចំនួនស្របតាមការចាំបាច់ចំពោះ មុខ និងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង ព្រមទាំងបានយកចិត្តទុកដាក់គ្រប់គ្រង និងពង្រឹងសមត្ថភាព  គុណភាព យោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ និងកសាងប្រភពនាយទាហានសម្រាប់បន្តវេន ពីនាយទាហាន ដែលត្រូវចូលនិវត្តន៍ ។ 

ក្រៅពីនេះ បានចូលរួមកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពានលូ ប្រព័ន្ធធារាសាស្ត្រ សំណង់ផ្សេងៗនិងការងារបោសសំអាតគ្រាប់មីនក៏ដូចជាការកសាងផ្លូវយុទ្ធសាស្ត្រ យោធា កសាងជំរុំជំរក បន្ទាយកងទ័ព បានដំណើរការប្រកបដោយជោគជ័យតាមផែនការដែលបានកំណត់ ព្រមទាំងបានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ យុទ្ធសាស្ត្រផ្ការីកស្រោចទៅដល់ប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អ និងទំនុកទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ។ 

នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ថា ទន្ទឹមនឹងស្នាដៃសម្រេចបានទាំងនេះ កងយោធពលខេមរៈភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់លើការងារកសាងប្រវត្តិ សាស្ត្រយោធា និងការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ។ រដ្ឋលេខាធិការប្រចាំការ ក៏បានស្នើរដល់នាយកដ្ឋានសរុប នៃអគ្គលេខា ធិការដ្ឋានក្រសួងការពារជាតិ ឱ្យសរសេរបញ្ចូលជាផ្លូវ ការក្នុងរបាយការណ៍បូកសរុបខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២២​

អំពីការងារធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា មកកាន់កម្ពុជាវិញ ។ 

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ប្រតិភូអន្តរក្រសួង ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីសហប្រតិបត្តិការជា មួយនឹងភាគីមិត្តនៃកងទ័ពប្រជាជនវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ចំនួន ៤៩រូប ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតម្កល់នៅមហាចេតិយនៃតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្ម (X16) ទៅតាមការគ្រោងទុក ។ 

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា សម្រាប់ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ យើងត្រូវបន្តអនុវត្តតាម កម្មវិធីនយោបាយយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងភារកិច្ចជាក់ស្តែងចំពោះ មុខ ហើយក៏ជាពេលវេលាដែលព្រះរាជាណាចក្រកម្ពុជា បន្តធ្វើជាម្ចាស់ផ្ទះរាល់កិច្ចប្រជុំអាស៊ាន,អាស៊ានបូកនិងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុង នាមជាប្រធានអាស៊ានប្តូរវេន ដូច្នេះតម្រូវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នអាវុធហត្ថ,កងអង្គរក្សត្រូវតែមានកិច្ចសហការឲ្យបានជិត ស្និទ្ធជាមួយគ្រប់សមត្ថកិច្ចរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាថ្នាក់ដឹកនាំបណ្ដាប្រទេសនានារបស់អាស៊ាននិងអាស៊ានបូក ដែលបានអញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានបូករួមនឹងរាល់កិច្ច ប្រជុំអាស៊ាននានា របស់រាជរដ្ឋាភិបាល នៅក្នុងខែវិច្ឆិកា និងខែធ្នូ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ ៕

ដោយ៖ សូរិយា


ចែករំលែក៖