ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិត ឯកឧត្តម សាយ សំអាល់ ជូនពរ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិតជូនពរ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្រ្តីកសួងព្រះបរមរាជវាំង

ជាទីគោរពដ៏ខ្ពង់ខ្ពស់!

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវសេចក្តី សោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សូមទទួលបាននូវ សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំក្រសួងព្រះបរមរាជវាំង ឱ្យសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមសម្ដែងនូវសេចក្តីគោរពនិងអំណរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ សម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបច្ចុប្បន្ន សម្ដេច តែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការលះបង់គ្រប់បែបយ៉ាង បម្រើឧត្តមប្រយោជន៍ជាតិ តាមរយៈការងារមនុស្សធម៌ ការលើកកម្ពស់សីលធម៌សង្គម ការលើកកម្ពស់តម្លៃស្ត្រី និងកុមារ ការកសាងសុភមង្គលនៃគ្រួសារខ្មែរ ដើម្បីចូលរួម ចំណែកដល់ការស្តារ កសាង និងអភិវឌ្ឍជាតិមាតុភូមិជាទីស្នេហានៃយើង។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូម ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាព ដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ : សិលា


ចែករំលែក៖