ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកថ្មគោល នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បុរសម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចហេីយព្យាយាមគេចខ្លួន ប៉ុន្តែកម្លាំងជំនាញចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន រួមជាមួយនឹងវត្ថុតាងជាក់ស្ដែង។
មន្រ្តីនគរបាលស្រុកថ្មគោលបានបន្តថា ករណីខាងលើនេះបានកេីតឡេីងកាលពីថ្ងៃទី០២ខែ វិច្ឆិកាឆ្នាំ២០២២ នៅចំណុចក្រុមទី២៥ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះ ណាត សុផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ ចំណែកជនរងគ្រោះឈ្មោះ ទួន ស្រីណន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ភ្លាមនោះលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ធ្វើការស្រាវជ្រាវរហូតធ្វេីការបង្ក្រាបករណីលួច (ម៉ូតូ)នេះ និងនាំខ្លួនជនសង្ស័យឈ្មោះ ណាត សុផាន់ណា នៅចំណុចផ្ទះជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកថ្មគោលដេីម្បីធ្វេីការសាកសួរស្រាវជ្រាវនិងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1E-2524របស់ជនរងគ្រោះ ។
បច្ចុប្បន្ននគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ៖សហការី