ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចែករំលែក ៤ចំណុច ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍។
យោងតាមសុន្ទរកថា ដែលថ្លែងក្នុងកិច្ចប្រជុំអេកម៉ិក និង CLMV ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ឆ្លងកាត់វិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំ កន្លងមកនេះ តួនាទីនៃវិស័យទេសចរណ៍ ត្រូវបានមើលឃើញ កាន់តែចាំបាច់ ក្នុងការទ្រទ្រង់កំណើសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់សង្គមជាតិ ហើយជាពិសេសតួនាទីដ៏សំខាន់ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ សាមគ្គីភាព និងមិត្តភាពនៃប្រទេសក្នុងតំបន់។
ក្នុងន័យនេះ ជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យទេសចរណ៍អេកម៉ិក និង CLMV ទាំងពេលបច្ចុប្បន្ន និងអនាគត សម្តេចតេជោ ហ៊ុន សែន សូមចែករំលែកនូវការគិតគូរមួយចំនួន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ដូចតទៅ៖
* ទី១៖ អេកម៉ិក និង CLMV គួរបង្កើនកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍផលិតផលថ្មីៗទៅវិញទៅមក និងផ្តល់នូវភាពសំបូរបែបដល់ទេសចរ ស្របតាមការប្រែប្រួលនិន្នាកាទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ប្រទេសសមាជិក គួរបង្កើនកិច្ចសហការ លើការអភិវឌ្ឍទេសចរណ៍ជនបទ ដែលរួមមានទេសចរណ៍សហគមន៍, អេកូទេសចរណ៍, ទេសចរណ៍ផ្សងព្រេង, កសិទេសចរណ៍, ទេសចរណ៍សុខុមាលភាព, ទេសចរណ៍ម្ហូបអាហារ ជាដើម ដែលទាំងនេះជាតម្រូវការទេសចរណ៍កំពុងកើនឡើង ហើយចូលរួមដោយផ្ទាល់ដល់ការរីកចម្រើននៅមូលដ្ឋាន។ ទន្ទឹមនឹងនេះផងដែរ អេកម៉ិក និង CLMV គួរដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការជួយគាំទ្រសហគ្រាសធនតូចបំផុត, តូច និង មធ្យម (MSMEs) ឲ្យក្លាយជា ឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពធន់ និងចីរភាព។
* ទី២៖ ក្នុងបរិបទឌីជីថលូបនីយកម្ម ប្រទេសអេកម៉ិក និង CLMV គួរជំរុញការផ្លាស់ប្ដូរបទពិសោធន៍ លើដំណើរការបរិវត្តកម្មឌីជីថល ក្នុងវិស័យទេសចរណ៍ ក្នុងនោះ គួរដកពិសោធន៍គ្នាទៅវិញ ទៅមកលើការអនុវត្តកម្មវិធីអក្ខរកម្មឌីជីថល ក្នុងវិស័យទេសច់រណ៍ ការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើនផលិតភាព និងឧត្តមភាពប្រកួតប្រជែង។
* ទី៣៖ អេកម៉ិក និងCLMV គួរគិតគូរជំរុញលំហូរទេសចរផ្ទៃក្នុងតំបន់អាម៉ិក (ACMECS-Intra
Traveler) និង លំហូរទេសចរផ្ទៃក្នុងតំបន់ CLMV (CLMV-Intra Traveler) ដោយត្រូវគិតគូរផងដែរ លើការបង្កើនការតភ្ជាប់ផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកបន្ថែមទៀត ព្រមទាំងជំរុញទេសចរណ៍បើកបរ ដោយខ្លួនឯង (Self-Driving Tour)។ សម្រាប់ការទាក់ទាញទេសចរពីប្រទេសទី៣ សម្តេចតេជោ ហ៊ិន សែន សូមគាំទ្រឲ្យបន្តផ្សព្វផ្សាយ ក្រោមយុទ្ធនាការ «ប្រទេសប្រាំ គោលដៅទេសចរណ៍តែមួយ» និង «ប្រទេសបួន គោលដៅទេសចរណ៍តែមួយ»។
* ទី៤៖ ដើម្បីសម្របសម្រួលការអនុវត្តផែនការសកម្មភាពទេសចរណ៍អេកម៉ិក និង CLMV ដែលបានដាក់ចុះ សម្តេចតេជោ ហ៊ុន សែន សូមគាំទ្រនូវការគិតគូរបង្កើតឲ្យមានយន្តការស្ថាប័នទេសចរណ៍អេកម៉ិក និង CLMV ដែលអាចជាលេខាធិការដ្ឋាន ឬរចនាសម្ព័ន្ធណាមួយ ហើយកម្ពុជាមានសេចក្តីរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖សហការី