ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា ៖ ផ្សែងអ័ព្ទបង្កគ្រោះថ្នាក់គ្របដណ្តប់ទីក្រុងញូវដេលី

ចែករំលែក៖

ជាតិពុលគ្រោះថ្នាក់នៅក្នុងបរិយាកាសទីក្រុងញូវដេលីនៅថ្ងៃទី ៣ខែវិច្ឆិកាបានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ដោយសារតែការដុតចំបើងនៅតំបន់ភាគជើងគូបផ្សំជាមួយជាតិពុលក្នុងបរិយាកាសកខ្វក់ ធ្វើឱ្យស្ថានភាពអាកាសធាតុកាន់តែអាក្រក់។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប្រជាជនក្នុងទីក្រុងញូវដេលី ចំនួន២០លាននាក់កំពុងរងផលប៉ះពាល់ពីខ្យល់អាកាសដែលពោរពេញទៅដោយផ្សែងអ័ព្ទ ខណៈដែលសន្ទស្សន៍គុណភាពខ្យល់បានឡើងដល់កម្រិតគ្រោះថ្នាក់នៅទូទាំងរដ្ឋធានីរបស់ប្រទេសឥណ្ឌា ជាហេតុនាំឱ្យមានការអំពាវឱ្យបិទសាលារៀន។
ទីភ្នាក់ងារកណ្តាលសម្រាប់ត្រួតពិនិត្យការបំពុលបរិយាកាស បានឱ្យដឹងថា សន្ទស្សន៍គុណភាពខ្យល់បានកើនឡើងលើសចំនួន៤៥០ នៅកន្លែងជាច្រើនកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ រដ្ឋាភិបាលសហព័ន្ធបាននិយាយថា សន្ទស្សន៍លើសពីចំនួន ៤០០ គឺអាចជះផលប៉ះពាល់ដល់មនុស្សដែលមានសុខភាពល្អបាន ហើយប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកដែលមានជំងឺស្រាប់។ ចំណែកនៅក្នុងទីក្រុងញូវដេលី សន្ទស្សន៍បានកើនឡើងរហូតដល់ចំនួន៨០០ឯណោះ។
លោក ស៊ូហែល សិត (Suhel Seth) ជាបុគ្គលមានមុខមាត់ម្នាក់ក្នុងសង្គមឥណ្ឌាបានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា «អ្វីដែលកំពុងកើតឡើងពីការបំពុលបរិយាកាសក្នុងទីក្រុងញូវដេលី គឺប្រៀបបាននឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ ចំណែក ឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានអំពាវនាវឱ្យបិទសាលារៀន។
រដ្ឋធានីរបស់ប្រទេសឥណ្ឌាដែលរងការបំពុលខ្លាំងបំផុតនៅលើពិភពលោក តែងត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទជារៀងរាល់ថ្ងៃ ឱ្យតែដល់រដូវរងា ដោយសារតែអាកាសធាតុត្រជាក់ ខ្យល់ខ្លាំង ធូលីសំណង់ ការបំភាយឧស្ម័ននៃយានជំនិះ និងផ្សែងពីការដុតកម្ទេចកម្ទីកំណកដំណាំ ជាដើម៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ TTXVN-VNA


ចែករំលែក៖