ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះចម្បាំង កូរ៉េខាងជើង ១៨០គ្រឿងហោះក្បែរព្រំដែន កូរ៉េខាងត្បូង បញ្ចេញយន្តហោះទប់ទល់

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូង បានប្រកាសថា បានបញ្ជូនយន្តហោះចម្បាំងទៅទប់ស្កាត់ក្រោយពេល ប្រទះឃើញយន្តហោះរបស់កូរ៉េខាងជើង ដល់ទៅ១៨០គ្រឿង ហោះសំដៅទៅកាន់តំបន់ព្រំដែនកូរ៉េទាំងពីរ។
សារព័ត៌មានរ៉យទ័របាន បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមយន្តហោះចម្បាំងរបស់កូរ៉េខាងជើង បានហោះហើរបន្តបន្ទាប់ដល់ទៅ៤ម៉ោង នាថ្ងៃទី ៤ខែវិច្ឆិកានេះ។ យន្តហោះទាំងនោះបានហោះក្បែរតំបន់បែងចែកព្រំដែន MDL តែ២០ គីឡូម៉ែត្រប៉ុណ្ណោះ។
កូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា បានបញ្ជូនយន្តហោះចម្បាំង ៨០គ្រឿង រួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ F-35A ទៅទប់ទល់ជាមួយយន្តហោះកូរ៉េខាងជើង ។ ក្នុងពេលនេះដែរ យន្តហោះចម្បាំងរបស់កូរ៉េខាងត្បូង ២៤០គ្រឿង កំពុងតែបន្តធ្វើសមយុទ្ធជាមួយអាមេរិក ដែលមានឈ្មោះថា Vigilant Storm។
កាលពីខែតុលា កូរ៉េខាងជើង ក៏បានបញ្ជូនយន្តហោះចម្បាំង ១០គ្រឿង ហោះហើរនៅក្បែរព្រំដែនផងដែរ បង្ខំឲ្យកូរ៉េខាងត្បូង ត្រូវតែមានវិធានការទប់ស្កាត់ ។ សកម្មភាពខាងលើរបស់កូរ៉េខាងជើង កើតឡើង ក្រោយពេលដែល ប្រទេសនេះបានបាញ់កាំភ្លើងធំ ៨០គ្រាប់ចូលទៅកាន់ដែនសមុទ្រ និងមីស៊ីលជាច្រើនគ្រាប់នៅយប់ថ្ងៃទី៣ខែវិច្ឆិកាផងដែរ ៕

ដោយ៖ធីរីណា(រូប​ថត​ :​ Vietnamnet.vn)


ចែករំលែក៖