រូបភាពផ្កាយរណបបង្ហាញឲ្យឃើញថា រថភ្លើងកូរ៉េខាងជើង មួយខ្សែបាន ឆ្លងព្រំដែនទៅកាន់ប្រទសរុស្ស៊ីនៅថ្ងៃទី៤ខែវិច្ឆិកា ។ ទាំងនោះបង្កឲ្យមានការសង្ស័យថា កូរ៉េខាងជើងកំពុងតែបញ្ជូនអាវុធទៅជួយរុស្ស៊ីឬ?
សារព័ត៌មានរ៉យទ័រ បានផ្សាយថា តាមគេហទំព័រ 38 North ដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន មានឯកទេសតាមដានសកម្មភាព របស់កូរ៉េខាងជើង បានលើកឡើងថា នេះជាលើកទីមួយដែល រថភ្លើងកូរ៉េខាងជើង ត្រូវបានគេមើលឃើញទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូង ។
កន្លងមកថ្មីៗ រុស្ស៊ីបានបញ្ជាក់ថា មានរថភ្លើងមួយខ្សែបានដឹកសត្វសេះឆ្លងដែនទៅកាន់កូរ៉េខាងជើង ។ កន្លងមក កូរ៉េខាងជើង បានបិទច្រកព្រំដែនមិត្តភាពក្នុងតំបន់ Tumangang មានប្រវែង៨០០ម៉ែត្រ តភ្ជាប់ដែនគោក ដ៏សំខាន់ជាមួយរុស្ស៊ី នៅខែកុម្ភៈឆ្នាំ ២០២០ ដើម្បីទប់ស្កាត់កូវីដ-១៩ ។
ប៉ុន្តែនៅព្រឹកថ្ងៃទី៤ខែវិច្ឆិកា នៅវេលាម៉ោង១០ និង ២៤នាទី គេឃើញរថភ្លើង មាន៣ទូរ គ្របជិត ត្រូវបានគេមើលឃើញនៅព្រំដែនក្នុងទឹកដីកូរ៉េខាងជើង ។ ប៉ុន្តែនៅវេលាម៉ោង ១៣ និង១០ នាទី គេមើលឃើញរថភ្លើងនោះនៅក្នុងទឹកដីរុស្ស៊ី ចម្ងាយពីព្រំដែន ២០០ម៉ែត្រ។ នៅវេលាម៉ោង ១៤និង ២៩នាទី រថភ្លើងទាំង ៣ទូរ ត្រូវបានគេមើលឃើញនៅស្ថានីយ Khasan របស់រុស្ស៊ី ចម្ងាយពីព្រំដែន ២គីឡូម៉ែត្រ ។
សកម្មភាពខាងលើ កើតឡើង ចំពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន កាន់តែតានតឹងខ្លាំងឡើង ។ កន្លងមក លោកខាងលិច បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង បានផ្តល់អាវុធដល់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕
ដោយ៖ ធីរីណា(រូបថត ៖ zingnews.vn)