ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួនមន្ត្រីយោធាបាញ់សម្លាប់ ជនសង្ស័យថាចោរដាក់ពន្ធនាគារជាបណ្តោះអាសន្នពីបទមនុស្សឃាតដោយអចេតនា(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ លោក ប្លុង សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា “ករណីមន្ត្រីយោធាបាញ់ស្លាប់មនុស្សម្នាក់នៅខណ្ឌសែនសុខ តំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ទើបនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីយោធានោះដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ បើយោងតាមបញ្ញតិមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ បទមនុស្សឃាតដោយអចេតនា គឺជាអំពើបណ្តាលឱ្យស្លាប់ដល់អ្នកដទៃ ដោយការធ្វេសប្រហែសនិងការមិនប្រុងប្រយ័ត្នឬការខ្ជីខ្ជា ។ ការបំពានលើកាតព្វកិច្ចសន្តិសុខ ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។ បទមនុស្សឃាតដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី ២.០០០.០០០ ទៅ ៦.០០០.០០០ រៀល ។ ដូច្នេះមន្រ្តីយោធាដែលផ្ទុះអាវុធបណ្តាលឱ្យស្លាប់ដល់អ្នកដទៃដោយអចេតនានោះនឹងអាចជាប់ពន្ធនាគារពីចន្លោះ១ឆ្នាំទៅ៣ឆ្នាំ តែប៉ុណ្ណោះ ។ 

    សូមជម្រាបថា រយៈពេល២ថ្ងៃគឺថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចនគរបាលខណ្ឌសែនសុខ បានប្រើប្រាស់រថយន្តទំនើប១គ្រឿងដឹកមន្ត្រីយោធាម្នាក់ដែលជាជនដៃដល់ជាប់ពាក់ព័ន្ធករណីបាញ់សម្លាប់ជនសង្ស័យ គ្រាន់តែឮសម្រែកថាចោរៗ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការ ។ នៅពេលសមត្តកិច្ចដឹកមន្ត្រីយោធានោះទៅដល់សាលាដំបូង គ្រាន់តែទ្វាររថយន្តបង្ហើបភ្លាម គេបានសង្កេតឃើញជនសង្ស័យស្ទុះរត់ចូលទៅក្នុងបរិវេណសាលាដំបូង និងពេលចេញមកវិញស្ទុះរត់ចូលរថយន្តដែលធ្វើឱ្យសមត្តកិច្ចរត់តាមការពារប្រសេកប្រសាច ទំនងគាត់ខ្លាចកាមេរ៉ាអ្នកកាសែត ។ សំណុំរឿងមនុស្សឃាតដោយអចេតនាមួយនេះត្រូវបានស្ថិតនៅលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ និងសួររហូតដល់ល្ងាចថ្ងៃទី៤ ខែវិច្ឆិកាមិនទាន់ចប់ ទើបតំណាងអយ្យការផ្ញើជនសង្ស័យទៅសមត្តកិច្ចវិញ តម្រូវឱ្យនាំមកសួរបន្តនៅព្រឹកថ្ងៃបន្ទាប់ ។ ក្រោយពីសាកសួរចប់សព្វគ្រប់ហើយ តំណាងអយ្យការបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ 

    សូមជម្រាបទៀតថា  ជនដៃដល់ដែលជិះរថយន្តម៉ាកឡិចស៊ីស៥៧០ បាញ់​សម្លាប់​បុរស​ម្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មីត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនខ​ណៈពេលជនរូប​នោះ បាន​ចូលខ្លួនសារភាព​នៅស្នាក់​ការ​នគរបាល​ប៉ុស្តិ៍បឹង​កក់​ទី​១ ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។

    ​ជនដៃដល់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សៅ សុ​ខុន ហៅ​ប្រុស​ធំ អាយុជាង៤០ឆ្នាំ ជា​មន្ត្រី​យោធាថ្នាក់​វ​រ​សេនីយ៍ និង​ជា​ជំនួយការ​ឧក​ញ៉ា​ម្នាក់ ​ជិះ​រថយន្តម៉ាក Lexus 570​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BK-7799 ប្រដាប់​ទៅ​ដោយ​កាំភ្លើងខ្លី ​ម៉ា​កឡុក ​។

    ​គួរ​បញ្ជាក់​ថា ជន​ដៃដល់​រូប​នោះបាន​បាញ់​សម្លាប់​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ ២០២២ នៅ​ចំណុចផ្លូវលេខ១០១១ កែង​ផ្លូវ​SOS ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ បន្ទាប់​ពីសមត្ថកិច្ចដេញចាប់​មុខសញ្ញាហើយ​ស្រែក​ថាចោរ​ៗ ។

   ជន​រង​គ្រោះ​ មានឈ្មោះ រិ​ទ្ធិ ចិ​ត្ត្រា អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ផ្លូវលំ ភូមិរោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ត្រូវ​២​គ្រាប់ចំ​ខ្នង​ធ្លា​យមក​ទ្រូងដួល​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ជិះ​ម៉ូតូ ម៉ាក​ស្គូពី ​ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ២០២២ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1JG-4729 ។

    បើតាម​សាក្សីនៅ​កន្លែង​កើតហេតុបានប្រាប់អ្នកសារព័ត៌មានឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញជន​រង​គ្រោះ បាន​ជិះ​ម៉ូតូមួយ​គ្រឿងតាម​ផ្លូវ​លេខ១០១១ ក្នុង​ទិស​ដៅពីត្បូង​ទៅ​ជើង ។​

ខ​ណៈ​នោះ មានម៉ូតូរបស់​សមត្ថកិច្ច ដែលគេ​ស្គាល់​ថា ជា​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​ (​ពាក់​កាតសម្គាល់ខ្លួន​ត្រឹមត្រូវ) បាន​ជិះប្រដេញ​តាម​ពីក្រោយនិង​ស្រែក​ចោរ​ៗ ​។

    ​​សាក្សីបន្តថា លុះនៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែងកើតហេតុ ​ស្រាប់តែ​មាន​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ​ពណ៌​ខ្មៅ ​មួយ​គ្រឿង​របស់ជនដៃដល់បាន​ជិះ​មក​ស្ទាក់​មុខ ហើយ​ឈប់​ចុះ​ពីលើ​រថយន្ត ដក​កាំភ្លើងខ្លី​១​ដើមបាញ់​១​គ្រាប់ទៅលើ​បុរស​នោះ​បណ្តាល​អោយ​ត្រូវ​១​គ្រាប់​ចំ​ខ្នង​ ធ្លាយ​ទៅ​ទ្រុងដួល​ស្លាប់នៅ​ចម្ងាយ​ ប្រមាណ​ជាង​១០០​ម៉ែត្រ​ពី​កន្លែង​បាញ់​ ។​ បន្ទាប់​ពី​ផ្ទុះអាវុធ​ជន​មិន​ស្គាល់​រូប​នោះ​ បាន​គេចខ្លួន​បាត់​ស្រមោល​ បន្សល់​ទុក​ ជន​រង​គ្រោះ​ដួល​ស្លាប់​ ។

​លុះ​ក្រោយមក នៅ​វេលា​រសៀល​ដដែល ត្រូវបានកម្លាំងសមត្ថកិច្ច​ជំនាញព្រហ្មទណ្ឌ ​សហការជាមួយនឹងកម្លាំងមូលដ្ឋានខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានចុះទៅឡោមព័ទ្ធ និងឆែកឆេរភូមិ​គ្រឹះ លេខ១៦ ផ្លូវ​លេខ៥៥២ សង្កាត់​បឹង​កក់​ទី​១ ផង​ដែរ ស្រាប់តែពេលនោះ ជនសង្ស័យក៏បាន​ចូល​ទៅ​សារភាពនៅ​ស្នាក់​ការ​ប៉ុស្តិ៍បឹង​កក់​ទី​១តែម្តង ​។ ជនដៃដល់​ ត្រូវ​បាន​នគរបាល​បញ្ជូនមក​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖