ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពកាច់សោ.កម៉ូតូ ប្រជាពលរដ្ឋមិនបានសម្រេចបានដកកាំភ្លើងបាញ់២គ្រាប់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើមបានជិះមួយគ្រឿងចូលទៅធ្វើសកម្មភាពកាច់សោ.កម៉ូតូប្រជាពលរដ្ឋ រស់នៅក្នុងបុរីពិភពថ្មីសាខាចំការដូង តែមិនសម្រេច ខណៈដែលសន្តិសុខបុរីឃើញទាន់ ទើបក្រុមជនសង្ស័យបានដកកាំភ្លើងខ្លីបាញ់២គ្រាប់ដើម្បីគេចខ្លួន។

   ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៤០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៣ ក្នុងបុរីពិភពថ្មីចំការដូង​ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស មិនចាំផ្លាកលេខ ជិះឌុបគ្នាចូលទៅធ្វើសកម្មភាពកាច់សោ.កម៉ូតូប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៩ ក្នុងបុរីពិភពថ្មី ដោយធ្វើសកម្មភាពចូលទៅលួចម៉ូតូ ស្គូពីស្មាតឃីមួយគ្រឿង ។ ប៉ុន្តែខណៈកំពុងធ្វើសកម្មភាពនោះ ស្រាប់តែមានសន្តិសុខបុរីប្រទះឃើញទាន់ពេល ក៏បានស្រែកផ្អើលឆោឡោឡើង ធ្វើឱ្យជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់គំរាមមួយគ្រាប់នៅក្បែរផ្ទះជនរងគ្រោះ ។

ក្រោយពីបាញ់មួយគ្រាប់រួចមក ក្រុមជនសង្ស័យបានព្យាយាមរត់គេច មកដល់ច្រកផ្លូវចេញក៏ត្រូវសន្តិសុខម្នាក់ទៀតទាញរនាំងបិទផ្លូវមិនឱ្យចេញ ភ្លាមនោះជនសង្ស័យដែលមានកាំភ្លើងនៅក្នុងដៃបានបាញ់១គ្រាប់ទៀតសំដៅបារ៉ាស់ ដើម្បីឲ្យអ្នកដែលមានបំណងរារាំងផ្លូវចេញឱ្យអស់ ហើយភ្លាមនោះសន្តិសុខដែលយាមក៏មិនហ៊ានឈរហាមឃាត់ដែរទើបក្រុមជនសង្ស័យបើកបារ៉ាសចេញដោយខ្លួនឯងបើកម៉ូតូដឹកគ្នាចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

   ជនរងគ្រោះជាម្ចាស់ម៉ូតូដែលត្រូវក្រុមជនសង្ស័យប៉ងកាច់សោ.ក ម៉ូតូមិនបានសម្រេចនោះ មិនបានដាក់ពាក្យបណ្តឹងប្តឹងផ្តល់អ្វីឡើយ ដោយសារគាត់មិនបានបាត់បង់ទ្រព្យសម្បត្តិ ប៉ុន្តែដំណើរការរបស់សមត្ថកិច្ចក្នុងការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យគឺនៅតែបន្តដដែល ទោះជាមិនមានពាក្យបណ្តឹងជនរងគ្រោះក៏ដោយ ។

    បន្ទាប់ពីកើតហេតុ ភាគីខាងសន្តិសុខបុរី បានទំនាក់ទំនងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីចុះធ្វើអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលមូលដ្ឋាន រួមទាំងជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីសួរនាំពត៌មានពីសាក្សី និងបានរើសយកសម្បកគ្រាប់កាំភ្លើងចំនួន២គ្រាប់៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖