ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសថៃ ចោទប្រកាន់ លោកស័ក្ត៥ សុខ បានផល ចំនួន៤បទល្មើស

ចែករំលែក៖

ប្រទេសថៃ ៖ លោក សុខ បានផល ជានាយទាហាន ថ្នាក់វរសេនីយ៍ឯក នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជិះរថយន្តទំនើបម៉ាកJeep ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PICH.NIK ដែលបានបើករថយន្ត ទម្លាយឆ្លងកាត់ច្រកព្រំដែនអចិន្ត្រៃយ៍ ត្រង់ចំណុច Ban Khao Din ស្រុកខ្លងហាត ខេត្តស្រះកែវ តាំងពីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២  ត្រូវបានសមត្ថកិច្ចប្រទេសថៃ ប្ដឹងចំនួន៤បទល្មើស ។  នេះបើយោងតាម(By BBN ) បានសរសេរ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ពីហេតុការណ៍នេះ ដកស្រង់ពីរបាយការណ៍សមត្ថកិច្ចថៃ។ 

បើយោងតាមការផ្សាយព័ត៌មានថៃ បានបង្ហាញថា ជា​បឋម​ការ​ចោទ​ប្រកាន់ រួមមានបទល្មើស :

-ទី១ ជនបរទេសរត់គេចខ្លួន ចូលទឹកដីថៃដោយខុសច្បាប់ , 

-ទី២ នាំយានយន្ត ឬទំនិញចូលប្រទេសថៃ ដោយមិនឆ្លងនីតិវិធីគយថៃ , 

-ទី៣ រារាំងឬតតាំង នឹងប្រតិបត្តិការរបស់សមត្ថកិច្ច ,

-និងទី៤ កាន់អាវុធនៅទីសាធារណៈ ដោយគ្មានច្បាប់អនុញ្ញាត ។ 

ប្រភព(By BBN ) ដដែលបានបន្តថា, លោក​វរសេនីយ៍ឯក ចាទូរ៉ាផាថាន ស៊ីងហាតិត ស្នងការ​នគរបាល​ខេត្ត​ស្រះកែវ បានឱ្យដឹងថា ​ជន​ល្មើស​នឹង​មិន​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ទេ ព្រោះ​នឹង​ត្រូវ​កាត់​ទោស​នៅ​ប្រទេស​ថៃ​ជា​មុន​សិន ។ ដំបូងឡើយ មូលហេតុបង្កឱ្យមានភាពតានតឹងបែបនេះ គឺបណ្តាលមកពីបញ្ហាគ្រួសារ ទើបបណ្តាលឲ្យមានជម្ងឺ បើកបរពីភាគីកម្ពុជា ឆ្លងកាត់ច្រកព្រំដែនបែបនេះ ។ ចំពោះ​មូលហេតុ​ផ្សេង​ទៀត ​លោកនៅ​មិន​ទាន់​ដឹង​ទេ ព្រោះ​កំពុងស៊ើប​អង្កេត ។ ជនល្មើសក៏ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យជាមុនសិនដែរ ដើម្បីពិនិត្យនិងព្យាបាលស្ថានភាពសុខភាព ។ 

សូមជម្រាបថា កើតហេតុកាលពីយប់ម៉ោង៨យប់ថ្ងៃទី៥វិច្ឆិកា លុះព្រឹកឡើងថ្ងៃទី៦ ខែវិច្ឆិកា លោក សុខ បានផល បានព្យាយាមបើករថយន្តបន្តទៅទៀត បង្កឱ្យតម្រួតថៃសម្រេចចិត្ត បាញ់បំបែកកង់រថយន្ត ផ្នែកខាងក្រោយទាំងសងខាង និងរថយន្តបិទមុខក្រោយ ព័ទ្ធរថយន្តទៅណាលែងរួច ។ ទោះជាមានហេតុការណ៍បែបនេះ តម្រួតថៃនិងសមត្ថកិច្ចកម្ពុជា នៅតែព្យាយាមឱ្យ លោក សុខ បានផល ចេញពីរថយន្តតាមសម្រួល និងប្រគល់ខ្លួនឱ្យសមត្ថកិច្ចសួរនាំតាមនីតិវិធី ។ 

ក្រោយពីបើករថយន្តទៅណាលែងរួចលោក សុខ បានផល  បានចាកចេញពីរថយន្ត ជាមួយនឹងកាំភ្លើងខ្លីមួយដើម ឈររេរាពេញទីនោះ ដោយមិនខ្លាចសមត្ថកិច្ចសោះឡើយ ។ សមត្ថកិច្ចកម្ពុជា បានព្យាយាមសំណូមពរ លោក សុខ បានផល ទម្លាក់កាំភ្លើងចោលដើម្បីឱ្យតម្រួតថៃឃាត់ខ្លួន សួរនាំតាមសម្រួល ។

កម្លាំងយោធាកម្ពុជា និងនគរបាលអន្តោប្រវេសន៍ បានព្យាយាម ប្រកាសឱ្យ លោកស័ក្តិ៥ ទម្លាក់អាវុធ ប្រគល់ខ្លួនឱ្យសមត្ថកិច្ចថៃ ឃាត់ខ្លួន តែគាត់នៅតែកាន់កាំភ្លើង ទើបសមត្ថកិច្ចថៃ ប្រើប្រាស់គ្រប់មធ្យោបាយ សម្រួលដើម្បីឃាត់ខ្លួន ជៀសវាងផ្ទុះអាវុធ ហើយឃាត់ខ្លួនបានតាមនីតិវិធី ៕

ដោយ ៖ សហការី


ចែករំលែក៖