ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ចាត់កម្លាំងល្បាតសហការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា​-ថៃ

ចែករំលែក៖

   ខេត្ត​ឧត្ដរមានជ័យ​៖​ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ សភាពការណ៍លើខ្សែបន្ទាត់ព្រំដែនដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ។

    ក្នុងប្រតិបត្តិការ​ដេីរល្បាតនោះ​ កម្លាំង​ក៏បានកាប់ឆ្ការព្រៃធ្វើផ្លូវដើម្បីងាយស្រួលក្នុងការដើរល្បាត បន្ថែមពីនោះក៏បាញ់ថ្នាំស្មៅនិងសម្អាតជំវិញកន្លែងស្នាក់នៅផងដែរ។

    លោកមេបញ្ជាការ​ក៏បានកោតសរសើរដល់កងកម្លាំងប្រចាំការដែលបានយកចិត្តទុកដាក់ដើរល្បាតទាំងយប់ទាំងថ្ងៃដែលបទបញ្ជាថ្នាក់លើដាក់ជូន​ និងបានផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរដល់បងប្អូនកងកម្លាំងទាំងអស់មានសុខភាពល្អផងដែរ។ 

    សូមជម្រាបថា​ ជារៀង​រាល់​ថ្ងៃ​លោកមេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវគ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ស្ថិតក្នុងសង្កាត់អូរស្មាច់  ក្រុងសំរោង ខេត្តឧត្តរមានជ័យ។​ ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែនដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលនោះទេ៕

ដោយ​៖សហការី​


ចែករំលែក៖