ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុស ស្រីក្មេងចាស់ ជាង២០នាក់ រងរបួសធ្ងន់ស្រាលត្រឡប់មកពីបុណ្យកឋិនចុះចំណោទរថយន្តដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ពីលើភ្នំ(មានវីដេអូ)

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ​មនុស្សប្រុស ស្រីក្មេងចាស់ជាង២០នាក់រងរបួសធ្ងន់និងស្រាល ដោយរថយន្តដឹកអ្នកដំណើរមកពីបុណ្យកឋិនវត្តទ្រលោកលើកំពូលភ្នំ ដាច់ហ្វ្រាំងក្រឡាប់ជាច្រើនត្រឡប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។

នគរបាលចរាចរណ៍ស្រុកព្រះនេត្រព្រះបានឱ្យថា៖នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋប្រុស ស្រីប្រមាណជាង៤០នាក់មានភាគច្រើនជាមនុស្សចាស់និងកូនក្មេងបានជិះក្នុងរថយន្តប្រភេទទ្រុងកង់៦ទៅបុណ្យកឋិនវត្តលើកំពូលភ្នំទ្រលោក បុណ្យកឋិនចប់ក៏ជិះត្រឡប់មកវិញពេលរថយន្តបើកចុះពីលើភ្នំដាច់ហ្វ្រាំងក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង២០នាក់ដែលជាប្រជាពលរដ្ឋរស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ សំណាងល្អមិនមានអ្នកបាត់បង់ជីវិតទេ តែក្នុងនោះក៏មាន៥នាក់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។      

នគរបាលបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងជួយប្រជាពលរដ្ឋដែលរងរបួសធ្ងន់ដឹកតាមរថយន្តសង្រ្គោះ យកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះដើម្បីសង្រ្គោះបន្ទាន់ ។

ចំណែករថយន្តបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុកព្រះនេត្រព្រះ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក៕

ដោយ ៖ វណ្ណា

 

 


ចែករំលែក៖