ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexus RX330 ពាក់ស្លាកលេខនគរបាល2-8768 បុករះបង្គោលឡាក់និងឡំប្រឺតា​ បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

​    ខេត្តកណ្ដាល ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ខ្លាំងហើយបានបើករថយន្ត​Lexus Rx330 ពាក់ស្លាកលេខនគរបាល​ មួយគ្រឿង​ធ្វេីដំណេីរក្នុងល្បឿនលឿនជ្រុលទៅបុករះបង្គោលឡាក់និងឡំប្រឺតា​មួយគ្រឿង​បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ហេីយរថយន្តបង្កបន្តទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត​ ទេីបធ្វេីឱ្យរថយន្តដាច់កាឡេកង់មុខម្ខាងទៅមុខលែងរួច​ ។ 

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង៣០នាទីយប់ថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា​ ឆ្នាំ២០២២​ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២​ ត្រង់ចំណុចរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក​ Lexus RX330 ពណ៌ស​ ពាក់ស្លាកលេខនគរបាល2-8768 បើកដោយបុរសម្នាក់សង្ស័យស្រវឹងស្រា​ពីជើងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានបុករះបង្គោលឡាក់បាក់អស់៥ដើម​ និងហោះទៅបុកឡំប្រឺតា​ ដែលចតលើចិញ្ចើមផ្លូវប៉ើងទៅផ្ទប់នឹងរបងសាលាដំបូងខេត្តកណ្ដាល​ បណ្ដាលឱ្យម្ចាស់ឡំប្រឺតារងរបួសធ្ងន់​ ។​ ភ្លាមៗនោះអ្នកបើករថយន្តបង្កហេតុមិនព្រមឈប់ទទួលខុសត្រូវនោះទេ​ គឺបានបើកថយក្រោយ រួចបន្តដំណេីររហូតដល់ភូមិស្ទឹងជ្រៅ សង្កាត់ដើម​មៀន ក្រុងតាខ្មៅ​ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាតហើយរថយន្តដាច់កង់មុខម្ខាងទៅលែងរួច​ ទេីបតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល​ទៅ ។ 

​    ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅ​ បានចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តបង្កនិងឡំប្រឺតាដែលរងការខូចខាត​ទៅរក្សាទុករង់ចាំឱ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖