ភ្នំពេញ ៖ ជាងមួយឆ្នាំកន្លងមកនេះ កិច្ចការជាច្រើនសន្ធឹកសន្ធាប់បាននាំយើងមកដល់ថ្ងៃនេះ ~ ថ្ងៃផ្លូវការដំបូងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងនាមកម្ពុជាជាប្រធាន។ នេះជាការថ្លែង របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា, ខណៈដែលយើងទាំងអស់គ្នាមមាញឹកពេញមួយសប្តាហ៍នេះ យើងនឹងរួមគ្នាធ្វើដើម្បីអាស៊ាន ហើយក៏សង្ឃឹមដែរថា គណៈប្រតិភូទាំងអស់នឹងស្នាក់នៅទីក្រុងភ្នំពេញប្រកបដោយភាពសោមនស្សរីករាយ។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យៀប សំណាង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអ្នកតំណាងអចិន្ត្រៃយ៍អាស៊ាន នៅភ្នំពេញផងដែរ ហើយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ផាម – មិញជិញ នឹងមានជំនួប ពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួម។ នៅក្រោយជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ ទ្វេភាគីមួយចំនួន។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោក ផាម មិញជិញ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវិមានមិត្តភាពកម្ពុជា-វៀតណាម។
ដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីវៀតណាម ស្របនឹងការប្រារព្ធខួបអនុ ស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម”៕
ដោយ : សិលា