ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងអបអរសាទរខួបលើកទី ៦៩ឆ្នាំ នៃទិវាបុណ្យឯករាជាតិ ក្រោមព្រះវត្តមាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ។
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួប៦៩ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បន្ទាប់ពីបារាំងដាក់អាណានិគមអស់រយៈពេលប្រមាណ ៩០ឆ្នាំ។
ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ដោយ : សហការី