ខេត្តពោធិ៍សាត់ ៖ យោងតាមអធិការនគបាលស្រុកវាលវែងបានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តបានបើកមកបុកម៉ូតូក្នុងទិសដៅស្របគ្នាពីខាងក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែតលេខ ១១៤ និង ១១៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់រាបស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យមនុស្ស ១ នាក់ បានស្លាប់និង៨ នាក់ផ្សេងទៀត រងរបួសធ្ងន់និងស្រាលហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាព ឃុំប្រមោយ។
មន្ត្រីនគបាលស្រុកវាលវែងបានឱ្យដឹងទៀតថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានគ្នាចំនួន៣នាក់ ១.ឈ្មោះ ចិន បី ភេទប្រុស អាយុ ៣៣ ឆ្នាំ , ២.អ្នករួមដំណើរ ឈ្មោះ ម៉ៅ ជា ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរ កសិករ, ៣.អ្នករួមដំណើរ ឈ្មោះ វុទ្ធី បញ្ចាថាវរី ភេទស្រី អាយុ ៣ ឆ្នាំ អ្នកទាំង ៣ នាក់ បានរងរបួសធ្ងន់ មិនពាក់មួក សុវត្ថិភាព ទាំងអស់គ្នា រស់នៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ដោយឡែកអ្នកនៅក្នុងរថយន្តមានគ្នាចំនួន៦នាក់ ឈ្មោះ ចាប សំណាង ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ មិនមានពាក់ខ្សែក្រវាត់ហើយជាអ្នកបើករថយន្តជាមួយអ្នករួមដំណើរ ១.ឈ្មោះ ឃួន សុខមានិត ភេទស្រី អាយុ២៨ ឆ្នាំ របួសស្រាល ២ .ឈ្មោះ ឃួន សុយុំ ភេទប្រុស អាយុ ៦៦ ឆ្នាំ រងរបួសស្រាល ៣ .ឈ្មោះ ឃួន នីរ័ត្ន ភេទប្រុស អាយុ១២ ឆ្នាំ របួសស្រាល ៤ ឈ្មោះ ចាប់ សុវត្តី ភេទស្រី អាយុ៤៥ឆ្នាំ,៥ .ឈ្មោះ យៀន លឹមឆេង ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរជាគ្រូពេទ្យបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ។
បច្ចុប្បន្ន វត្ថុតាងម៉ូតូ ១ គ្រឿង រថយន្ត ១ គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល អន្លង់រាប ជាបណ្តោះអាសន្នដើម្បីដោះស្រាយតាមនីតិវិធី ៕
ដោយ៖ សូរិយា