ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតីអ៊ុយក្រែនជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ 

លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោ​ផងដែរ ដែលកម្ពុជាបានចេញ​សេចក្តីថ្លែងការណ៍តាមរយ:​រដ្ឋមន្ត្រីការបរទេស​អាស៊ានការ​គាំទ្របង្ហាញ​ពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។ ដែលបង្ហាញអំពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។ លោកបានបន្តទៀតថា ឯកឧត្តមពិតជាមានក្តីរំភើប និងអបអរសាទរកម្ពុជាដែលកម្ពុជាកន្លងទៅបានឆ្លងកាត់សង្គ្រាមដរាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលទាំងទាំងអស់នេះ ជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន។ 

ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជជូនចំពោះ លោករដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​ ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីលោកប្រធានាធិបតី និងការសាទរ​ថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា។សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ធ្លាប់ទទួលរងការឈ្លានពាន។ ដូច្នេះកម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន។ សម្តេចបន្តថា ជំហររបស់កម្ពុជា​ចំពោះសង្គ្រាមនៅអ៊ុយក្រែន​ គឺការប្រកាន់​ភ្ជាប់ និង​គោរព​គោលការណ៍​ដែលបានចែកក្នុងធម្មនុញ្ញអង្គការ​សហប្រជាជាតិ​និងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង​ ឬការប្រើប្រាស់​ហិង្សាមកលើអធិបតេយ្យ​ និងមរណភាព​ដែនដី​របស់រដ្ឋឯករាជ្យនិង​មិនគាំទ្រដល់​ការបំបែករដ្ឋ ឬការ​ទន្ទ្រានយកទឹកដី​ពីប្រទេសដ​ទៃឡើយ។

ឆ្លៀតឱកាសនោះ សម្ដេចបានផ្ដាំផ្ញើនូវការសួរសុខទុក្ខ​ដល់ពលរដ្ឋ​អ៊ុយក្រែនទាំងអស់ និងជូនពរឲ្យប្រជាជនអ៊ុយក្រែន​ទាំងអស់បានទទួលនូវ​សុខសន្តិភាព​ និងការអភិវឌ្ឍក្នុង​ពេលឆាប់ៗខាង​មុខកុំបីខានឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖