ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រគល់ផ្ទះមនុស្សធម៌១ខ្នងជូនគ្រួសារពិការដៃទាំង២មានជីវភាពក្រីក្រនៅឃុំជ្រៃ ស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២២ បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួចមកលោក សុខ លូ អភិបាលនៃគណ:អភិបាលខេត្តនិងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានអញ្ចើញប្រគល់ផ្ទះមនុស្សធម៌១ខ្នងជូនគ្រួសារលោក យ៉ាន ចិន អាយុ២៣ឆ្នាំ គ្រោះថ្នាក់ការងារនៅប្រទេសថៃកាលដើមឆ្នាំ២០២២ បណ្តាលអោយដាច់ដៃទាំង២(ចូលម៉ាស៊ីនស្លថងផ្លាស់ស្ទិច)មាន ប្រពន្ធឈ្មោះ អ៊ួច ដាវីន អាយុ២០ឆ្នាំ មានកូនតូច២នាក់  រស់នៅភូមិក្បាលខ្មោចឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។  

ក្នុងឱកាសនោះ លោក សុខ លូ  បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកទាំងពីរជាពិសេសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងតែងតែគិតគូរដល់ទុក្ខលំបាករបស់លោក យ៉ាន ចិន ដែលជាពលកនៅប្រទេសថៃបានរងគ្រោះថ្នាក់ការងារដោយដាច់ដៃទាំង២ និងបានវិលមករស់នៅស្រុកកំណើត មានប្រពន្ធកូនត្រូវចិញ្ចឹម គ្មានផ្ទះសំបែង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់អោយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ពិនិត្យលទ្ធធ្វើផ្ទះជូន និងផ្តល់គ្រឿងឧបភោគបរិភោគនិងថវិកាជាបន្តបន្ទាប់ផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោក សុខ  លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជា សម្តេច មិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសការពាំនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

 បន្ថែមពីនេះ លោកប្រធាន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

លោកប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបាន។

ជាកិច្ចឆ្លើយតប  លោក យ៉ាន ចិន និងភរិយា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា សាខាខេត្តបានសាងសង់ផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ X៦ម៉ែត្រ  ដោយគ្រឿងបង្គំធ្វើអំពីដែកជញ្ជាំងស៊ីម៉ង់តិ៍ ដំបូលស័ង្កសី តយាបខាងមុខ និងបង្គន់អនាម័យមួយបន្ទប់នៅខាងក្នុងផ្ទះ ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយចំណាយថវិកាសាងសង់អស់ ចំនួន ៥,៥០០ ដុល្លារសហរដ្ឋអាមេរិក និងបានឧបត្ថម្ភបន្ថែម៖ អង្ក៥០,មី២កេស ទឹកស៊ីអ៊ីវ២យួ ទឹកត្រី២យួមី២កេស ទឹកបរិសុទ្ធ២កេស,ត្រីខ២យួរ,មុង២កន្ទេលបត់២,ភួយ២,ខ្នើយ២, សម្ភារៈផ្ទះបាយមួយចំនួននិងថវិកា៥០ម៉ឺនរៀល ផងដែរ ៕

ដោយ : សហការី


ចែករំលែក៖