ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន​ និងលោកស្រី មកកាន់ទឹកដីទីក្រុងអង្គរ​ ខេត្តសៀមរាប ទាំងយប់ ដើម្បីអញ្ជើញទស្សនារមណីយដ្ឋានអង្គរនៅព្រឹកស្អែក

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន​ និងលោកស្រី មកកាន់ទឹកដីទីក្រុងអង្គរ​ ខេត្តសៀមរាប បានអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញ ទាំងយប់ អាច ជាដំណើរទស្សនាអង្គរវត្ត ប្រភពសេដ្ឋកិច្ច ឧស្សាហកម្មអត់ផ្សែង ។ នេះបើយោងតាមផេកផ្លូវការ របស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហោះនៅម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា,  ថ្ងៃនេះ​ ខ្ញុំបាទមានកិត្តិយសដ៏ខ្ពង់ខ្ពស់តំណាង សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញទទួលដំណេីរទស្សនកិច្ចរបស់​ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន​ និងលោកស្រី មកកាន់ទឹកដីទីក្រុងអង្គរ​ ខេត្តសៀមរាប ។ 

សូមបញ្ជាក់ថា, នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូនលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ក្នុងឱកាសដែល លោក អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ 

ពិធីលៀងសាយភោជន៍ នាពេលនេះ មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប ព្រមទាំងបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។

តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិន នាពេលនេះ គឺបានពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ការ ទំនាក់ទំនងជាទ្វេភាគី ជាពិសេសផ្តោតលើបង្កើនពាណិជ្ជកម្ម  ពង្រឹងសេដ្ឋកិច្ច ការវិនិយោគ និងការអភិវឌ្ឍន៍ទៅលើវិស័យសំខាន់ៗជាច្រើនទៀត ដូចអ្វីដែលកម្ពុជា និងចិនបានចុះហត្ថលេខា លើឯកសារសំខាន់ៗ ចំនួន១៨ កាលពីល្ងាចមិញនេះ៕

ដោយ : សុខ ខេមរា


ចែករំលែក៖