ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក ជុំ កុសល បានថ្លែងថា, គឹម សុក គឺជាមនុស្សមានចរិតពាលបាតផ្សារ តាំងខ្លួនជាអ្នកចេះ រិះគន់ប្រឆាំងគ្រប់រឿង សូម្បីតែច្បាប់ធម្មជាតិក៏បុគ្គលគឹម សុកប្រឆាំង ។ តើនរណាចង់ឈឺ ? ហើយបើឈឺហើយ តើនរណាអាចហាមឃាត់មិនឲ្យឈឺបាន ? ( អនត្តា ) ។
លោក ជុំ កុសល បានលើកឡើងថា, ករណីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន អវត្តមានក្នុងការចូលរួមស្វាគមន៍ថ្នាក់ដឹកនាំអាស៊ាន និងភ្ញៀវពាក់ព័ន្ធក្នុងកិច្ចប្រជុំនេះ ត្រូវបានសម្តេចតេជោហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ហើយថា ភរិយារបស់លោកមានបញ្ហាឆ្អឹងខ្នង ដែលកំពុងស្ថិតក្នុងការព្យាបាល និងក្នុងបម្រាមរបស់គ្រូពេទ្យមិនអនុញ្ញាតឲ្យឈរឬអង្គុយយូរបាន ។ មានតែអ្នកធ្លាប់មានជម្ងឺឆ្អឹងខ្នងទេទើបដឹងពីការលំបាកយ៉ាងណា និងត្រូវមានរបៀបរស់នៅយ៉ាងណា ? គ្រប់ឥរិយាបថ នៃការដេក ដើរ ឈរ អង្គុយ គឺត្រូវមានការប្រយ័ត្នប្រយ៉ែងខ្ពស់បំផុត មិនអាចចេះតែធ្វើបានតាមចិត្តចង់នោះទេ ។ លោកបន្តថា, ខ្ញុំពិតជាមានការហួសចិត្តចំពោះសំដីពាលរបស់គឹម សុក ដែលបានចោទប្រកាន់មកលើសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា គេចវេសពីកិច្ចការដ៏ចំបងមួយនេះ ។
លោករដ្ឋលេខាធិការ ជុំ កុសល បានចាត់ទុកថា, នេះគឺជាសំដីអសីលធម៌មិនយកវិចារណញ្ញាណមកប្រើ ជាសំដីគួរឲ្យស្អប់ខ្ពើមបំផុត ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតលោកបានបំពេញតួនាទីក្នុងនាមជាស្ត្រីទី១របស់កម្ពុជា ជាភរិយានាយករដ្ឋមន្ត្រីលោកបានអមដំណើរសម្តេចតេជោហ៊ុន សែនក្នុងកិច្ចការធំៗរបស់ជាតិច្រើនណាស់តាំងពីការចរចាជាមួយត្រីភាគីនាឆ្នាំ១៩៨៧មក ។ ក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធានពីរដងកន្លងមកក្នុងឆ្នាំ២០០២ និង ឆ្នាំ២០១២សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួម និងបានបំពេញកាតព្វកិច្ចបានជោគជ័យល្អបំផុត ។ ប៉ុន្តែក្នុងឆ្នាំ២០២២នេះ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី៣ សម្តេចក៏ជួបបញ្ហាជម្ងឺឆ្អឹងខ្នងនេះមិនអាចចូលរួមបាន ។
លោកបន្តថា, ខ្ញុំសូមប្រាប់ទៅ គឹម សុក ថា បើទុកឲ្យគេរាប់ជាមនុស្សមានការចេះដឹងខ្លះ លោកគួរយកវិចារណញ្ញាណមកប្រើឲ្យបានច្រើនជាងនេះបន្តិច កុំចេះតែនិយាយតាមអារម្មណ៍រវើរវាយមិនបានការដូចសព្វថ្ងៃច្រើនតទៅទៀត ៕
ដោយ ៖ សិលា