ភ្នំពេញ ៖ បើយោងតាមអក្សរកាត់ថា, TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនង រវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។
សូមបញ្ជាក់កំលុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ មានប្រទេសសរុបចំនួន៧ហើយ បានចុះហត្ថលេខាចូលជាសមាជិក TAC។ ប្រទេសទាំង៧នោះរួមមាន៖ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា, អារ៉ាប់រួមអេមីរ៉ាត់ និងអ៊ុយក្រែន។
ជាការកត់សម្គាល់ប្រទេសរុស្ស៉ី បានក្លាយជាសមាជិក TAC រួចហើយ ហើយការចូលជាសមាជិក TAC របស់អ៊ុយក្រែន ចំពេលរុស្ស៉ី វាយឈ្លានពាន។ ពេលនេះទាំងរុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែជាសមាជិក TAC ចាំមើលអាស៊ានអាចធ្វើអន្តរាគមន៍អ្វីបានលើសង្គ្រាមនៅអ៊ុយក្រែននេះ? ។
សូមបញ្ជាក់ថា, នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតីអ៊ុយក្រែនជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោផងដែរ ដែលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តាមរយ:រដ្ឋមន្ត្រីការបរទេសអាស៊ានការគាំទ្របង្ហាញពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។ ដែលបង្ហាញអំពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។ លោកបានបន្តទៀតថា លោកពិតជាមានក្តីរំភើប និងអបអរសាទរកម្ពុជាដែលកម្ពុជាកន្លងទៅបានឆ្លងកាត់សង្គ្រាមដរាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលទាំងទាំងអស់នេះ ជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន។
ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណជជូនចំពោះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពី លោកប្រធានាធិបតី និងការសាទរថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា។សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ធ្លាប់ទទួលរងការឈ្លានពាន។ ដូច្នេះកម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន។ សម្តេចបន្តថា ជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺការប្រកាន់ភ្ជាប់ និងគោរពគោលការណ៍ដែលបានចែកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យ និងមរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។
ឆ្លៀតឱកាសនោះ សម្ដេចបានផ្ដាំផ្ញើនូវការសួរសុខទុក្ខដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់ និងជូនពរឲ្យប្រជាជនអ៊ុយក្រែនទាំងអស់បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍក្នុងពេលឆាប់ៗខាងមុខកុំបីខានឡើយ៕
ដោយ : សិលា