ខេត្តរតនគិរី ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់វិធានការតាមនីតិវិធី។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ខុន ស៊ាងឃុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិអុល ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ការឃាត់ខ្លួនជនសង្ស័យ ក្រោយពីទទួលពាក្យបណ្តឹងករណីហិង្សាដោយចេតនាលើស្ត្រីម្នាក់ឈ្មោះ ជឹម សុនីតា ស្ថិតក្នុងភូមិអុល ឃុំប៉ាតាង កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
ក្រោយមានអំពើហិង្សារួចការិយាល័យជំនាញព្រហ្មទណ្ឌ កម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋានស្រុកលំផាត់ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។
ប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យនាំមកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី។
បើតាមមន្រ្តីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ជនរងគ្រោះឈ្មោះ ជឹម សុនីតា បានអូសទុយោទឹកដើម្បីដាក់ទឹកឲ្យគេ កាត់ព្រំដីជនសង្ស័យ។ ក្រោយមកទុយោទឹកនោះបានធ្លាយនៅចំណុចព្រំដីនោះ ជនរងគ្រោះបានស្រែកជេខ្លាំងៗមកប្អូនរបស់ខ្លួនថា ហេតុអ្វីបានជាមិនចេះមើលធ្វើឲ្យទឹកហូរពាសពេញនឹងអស់។
លុះដល់ម៉ោង២១និង៤០នាទី ថ្ងៃទី៣វិច្ឆិកា ជនសង្ស័យឈ្មោះ ខុន ស៊ាងឃុន ត្រឡប់មកពីកម្មវិធី (ស្រវឹងស្រា) បានមកផ្ទះជនរងគ្រោះ ហើយបានស្រែកសួរខ្លាំងៗថា ហេតុអ្វីបានជេរប្រពន្ធរបស់ខ្លួន រួចក៏បានប្រើហិង្សាទៅ លើជនរងគ្រោះតែម្តង។
លោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានថា មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបញ្ជូនខ្លួនជនសង្ស័យខាងលើមកដល់តុលាការហើយ ប៉ុន្តែមិនចោទប្រកាន់ពីបទអ្វីនៅឡើយទេ ពោលគឺកំពុងបន្តនីតិវិធី៕
ដោយ៖ សូរិយា