ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូបុកបុរសជាសន្តិសុខម្នាក់ដើរឆ្លងផ្លូវហើយបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាសន្តិសុខយាមនៅធនាគារម្នាក់ បានស្លាប់ ក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ខណៈដើរឆ្លងផ្លូវទៅទិញអីហូប ក៏ត្រូវយុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកចំពីមុខពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង១០ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ នៅចំណុចមុខនិងវិទ្យាល័យទួលអំពិល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈួន វ៉ាន់ធីរិន អាយុ៤៧ឆ្នាំ មុខរបរ ជាសន្តិសុខយាមនៅធនាគារការណាឌីយ៉ា ជាប់កន្លែងកើតហេតុ បច្ចុប្បន្នរសនៅក្នុងភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជាសន្តិសុខម្នាក់យាមនៅក្នុងធនាគារការណាឌីយ៉ា បានដើរឆ្លងថ្នល់មកទិញអីហូប ខណៈពេលដើរឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានម៉ូតូធំម៉ាកYAMAHA មួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ1GY-0558 បើកបរដោយយុវជនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងមក្បូងយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំដងខ្លួន បុរសរងគ្រោះពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រភ្លាមនោះដែរ ក៏មានរថយន្តសង្រ្គោះបន្ទាន់មន្ទីរពេទ្យឯកជនមួយកន្លែង បានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ តែដោយសភាពធ្ងន់ធ្ងរពេក ក៏ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តងទៅ ចំណែកឯម្ចាស់ម៉ូតូរងរបួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំបន្ត។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ទាក់ទងទៅផ្នែកជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែងធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោទៅរក្សារទុករងចាំដោះស្រាយនៅពេលក្រោយ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖